មន្ទីរសាធារណការខេត្តព្រះវិហារចុះ ជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង
ព្រះវិហារ៖តាមការណែនាំរបស់លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនៅថ្ងៃទី០២ខែសីហាឆ្នាំ២០១៩នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជូនមន្ត្រីជំនាញបានចុះជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្ន។
លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានថ្លែងអោយដឹងនៅថ្ងៃទី០២ខែសីហានេះថាដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលបានណែនាំឱ្យមន្ទីរសាធារណៈការនៅតាមរាជធានី–ខេត្តត្រូវយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ឱ្យបានល្អនិងមានគុណភាពនោះ។ដូច្នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារតែងបានយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំបានយ៉ាងល្អប្រសើរផងដែរ។
ជាមួយគ្នានោះដោយអនុវត្តតាមការណែនាំរបស់លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារក្នុងឱកាសដែលលោកចុះពិនិត្យមើលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានោះគឺលោកបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្រូវសិក្សាផលប៉ះពាល់និងពិនិត្យលទ្ធភាពដើម្បីធ្វើការជួសជុលផ្លូវបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់សិន។
ប្រធានមន្ទីររូបនេះបានបញ្ជាក់ថាក្នុងចំណោមផ្លូវដែលរងការខូចខាតខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺផ្លូវចំណុចPK17+៨០០ស្ថិតក្នុងភូមិអូរស្នៀតឃុំតស៊ូស្រុកជ័យសែនខេត្តព្រះវិហារគឺទឹកបានហូរបុកយ៉ាងខ្លាំងបណ្តាលឱ្យដាច់ផ្លូវក្រៅពីនោះមិនមានរងផលប៉ះពាល់ខ្លាំងនោះទេ។
លោកសំលាងទ្រីបានគូសបញ្ជាក់ថាដើម្បីធ្វើការជួសជុលផ្លូវក្រាលគ្រួសក្រហមដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងហូរបុកដាច់នេះឱ្យប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្តោះអាសន្ននោះមន្ត្រីជំនាញបានកាយផ្លូវបង្ហូរទឹកដោយដាក់លូចំនួន៦កង់ជាបណ្តោះអាសន្ននិងចាក់ថ្មចាក់ដីកិនបង្ហាប់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរសិន។ចំណែកការធ្វើផ្លូវនេះឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូននោះគឺយើងនឹងរៀបចំធ្វើនៅរដូវប្រាំង៕