ចាប់ជនល្មើស២នាក់ លួចដោះកង់ម៉ូតូ ពេលម្ចាស់ចុះទៅបាចជីក្នុងស្រែ
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបង្ហាញមុខសញ្ញាជាជនដៃដល់២នាក់ លួចដោះកង់ម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់ ទុកលើភ្លឺស្រែ ហើយម្ចាស់ចុះទៅបាចជីក្នុងស្រែ ស្រាប់តែឡើងមកពីស្រែវិញ ត្រូវចោរដោះយកកង់ទាំងមុខទាំងក្រោយ នៅក្រុងបាត់ដំបង ពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩ និងឃាត់ខ្លួនបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។
អធិការនគរបាល ក្រុងបាត់ដំបង បានថ្លែងថា កំពូលចោរចិត្តដាច់ពីរនាក់បានឆ្លើយសារភាពដោយត្រង់ៗថា (ចង់លួចយកម៉ូតូទាំងមូលដែរតែអត់ហ៊ាន) ដូច្នេះសម្រេចចិត្តលួចយកតែកង់ម៉ូតូទាំងពីរសិនចុះ ព្រោះត្រូវការប្រាក់ចាយវាយបន្ទាន់។ ការថ្លែងសារភាពដោយគ្មានក្តីអួលអាក់បន្តិចសោះពីរយុវជន ដៃស្អិតចិត្តមិនមេត្តាទាំងពីររូបនេះ នៅពលដែលសមត្ថកិច្ច នៃការិយាល័យជំនាញ ក្នុងផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនមួយនេះ រួមសហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់បំផុត បន្ទាប់ពីទទួលព័ត៌មានថា មានចោរចិត្តដាច់ពន្លះយកកង់ម៉ូតូទាំងពីររបស់ជនរងគ្រោះ ឈ្មោះ រឿម ប៉ិច ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅក្រុមទី២៧ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងខណ:ពេលដែលជនងគ្រោះទុកម៉ូតូនៅក្បែរផ្លូវហើយចុះទៅបាចជីក្នុងដីស្រែរបស់ខ្លួន មួយរយ:លុះពេលត្រឡប់មកដល់កន្លែងទុកម៉ូតូវិញ ស្រាប់តែឃើញម៉ូតូរបស់ខ្លួននៅសល់តែ(តួម៉ូតូទទេរ) បញ្ឈរចោល រីឯកង់ម៉ូតូទាំងពីរត្រូវបានកំពូលចោរចិត្តដាច់លួចពន្លះដោះយកទៅបាត់ដែលគាត់ជាម្ចាស់ម៉ូតូហួសចិត្តនឹកស្មានមិនដល់និយាយមិនចេញសោះ បានត្រឹមតែផ្តិតយករូបភាព ច្រើនប្លង់ច្រើនប៉ុស្តិ៍ទុកមើលនិងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ។
បើតាមការថ្លែងរបស់លោកអធិការដ្ឋានគរបាលក្រុងបាត់ដំបង ដែលបានដកស្រង់ចម្លើយសារភាពរបស់ក្រុមជនល្មើស មកបញ្ជាក់ថា ចោរចិត្តដាច់ទាំងពីររំលឹកថា មិនមែនខ្លួន (មិនចង់លួចម៉ូតូនោះទេ) ពេលដែលខ្លួនបានឃើញម៉ូតូទំនើប ទុកចោលនៅទីវាល ស្ងាត់បែបនេះ ប៉ុន្តែដោយសារខ្លួន(មិនហ៊ាន) ទើបខ្លួនសម្រេចចិត្តក្នុងជំហ៊ានដំបូងត្រឹម តែលួចយកកង់ម៉ូតូតែប៉ុណ្ណោះ បើខ្លួនក្លាហានលើសនេះបន្តិច ម៉ូតូទាំងមូលត្រូវលួចយកទៅបាត់ហើយ ។ សំដីចុងក្រោយរបស់ចោរទាំងពីរ គឺជា (សារ) បញ្ជាក់ផ្តាំផ្ញើទៅប្រាប់ដល់ បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានជ្រាបថា មានតែការប្រុងប្រយ័ត្នខ្ពស់បំផុត និងគ្រប់ពេលវលារបស់បងប្អូនជាម្ចាស់ទ្រព្យ នោះទេ ដែលអាចធានារក្សាបាននូវភាពគង់វង្សពិតប្រាដក ពីការបាត់បង់នៃករណី (ចោរកម្មផ្សេងៗ ) រីឯការពឹងផ្អែកទៅលើ តែលទ្ធផលនៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់សមត្ថកិច្ច នៅក្រោយពេលដែលទ្រព្យសម្បត្តិរបស់បងប្អូនត្រូវបាត់បង់ទៅហើយនោះ គឺជារឿងដែលមិនងាយស្រួលនោះទេ ដូចពាក្យសុភាសិតខ្មែរលោកពោលថា (ប្រហែសបាត់ ប្រយ័ត្នគង់) ។
លោកអធិការ បានថ្លែងថា ជនស័ង្សយទាំងពីរនេះមាន៖ ១-ឈ្មោះ អឿង រ៉ាវីដ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ សៀក សៅឈី ភេទប្រុស អាយុ ២៣ឆ្នាំរស់នៅភូមិច្រាបក្រសាំង សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងមានកង់ម៉ូតូចំនួន២ ត្រូវបានប្រគល់ជូនម្ចាស់វិញ ចំពោះករណី (អ្នកទទួលបញ្ចាំកង់ម៉ូតូ) ពីជនដៃដល់នេះ សមត្ថកិច្ចនគរបាលកំពុងធ្វើឯកសារស្វែងរកកំហុសឆ្គង ខាងផ្លូវច្បាប់ និងចាត់វិធានការទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងសារថា ចង់លួចដែរ តែមិនហ៊ាន ជាសារផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នផង ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន (ប្រហែសបាត់ ប្រយ័ត្នគង់)៕