ម្ទេសនាំមកពីវៀតណាម លក់ក្នុងផ្សារដើមគរមន្ដ្រីកាំកុងត្រូល រកឃើញមានផ្ទុកសារធាតុគីមី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ មន្ដ្រីកាំកុងត្រូលផែស្ងួតចុងទី បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដែលកំពុង ដាក់លក់នៅលើទីផ្សារដើមគរ ដោយក្នុងប្រតិបត្តិការនេះ បានរកឃើញសារធាតុគីមីហាមឃាត់ ក្នុងម្ទេស ដែលនាំមកពីវៀតណាម យកមកដាក់លក់ក្នុងផ្សារអូរឫស្សី និងផ្សារដើមគរ យ៉ាងណាធិបតេយ្យ ។
ក្នុងឱកាសចុះពិនិត្យបន្លែ ត្រី សាច់ និងគ្រឿងទេសផ្សេងៗនៅផ្សារដើមគរ លោក គង់ វុទ្ធី អនុប្រធានកាំកុង ត្រូលផែស្ងួត ចុងទីភ្នំពេញ បានឲ្យដឹងថា ៖ ក្រុមការងាររបស់លោកបានសហការជាមួយប្រធានផ្សារ ដើមគរ និងផ្សារអូរឫស្សី ចុះឆែកឆេរនិងត្រួតពិនិត្យនូវចំណីអាហារដែលអាជីវករដាក់ក្នុងផ្សារខាងលើនេះ ដោយបានរកឃើញនូវសារធាតុហាមឃាត់ក្នុងម្ទេសហើយក្រុមការងារក៏បានរឹបអូសភា្លមៗ យកទៅកំទេចចោលផងដែរ ។
លោកគង់ វុទ្ធី បានឲ្យដឹងទៀតថា ក្រុមការងារបានយកនំចំណីផ្លែឈើជាង៤០មុខមកធ្វើ ពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ហើយក្នុងនោះបានរកឃើញសំណល់ថ្នាំ សំលាប់សត្វល្អិត ក្នុងម្ទេសហាវៃពណ៌លឿង និងម្ទេសម៉ាឡេពណ៌ខៀវ ដែលនាំចូលពីវៀតណាម និងខ្ទឹមនៅក្នុងផ្សារដើមគរ។ ក្រោយពីត្រួតពិនិត្យឃើញនូវសារធាតុគីមីហាឃាត់ទាំងនេះ ក្រុមការងារបានរឹបអូសយកទៅកំទេចចោលហើយបានធ្វើកិច្ចសន្យាជាមួយអាជីវករ និងណែនាំ ពួកគាត់ត្រូវបញ្ឈប់លក់នូវរបស់ដែលមានសារធាតុគីមីហាមឃាត់បន្តទៀត ដោយសារតែសារធាតុគីមីនេះអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោក គង់ វុទ្ធី ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់គប្បីបញ្ឈប់ លក់របស់ដែលមានសារធាតុគីមីហាមឃាត់ បន្តទៀត ហើយប្រសិន បើសមត្ថកិច្ចរកឃើញម្តង ហើយម្តងទៀតនឹងត្រូវផ្តន្ទាទោសជាធរមានផងដែរ៕