ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទ លួចកងដៃ
បន្ទាយមានជ័យ៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ១០នាទី នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច(កងដៃ) ដែលប្រព្រឹត្តកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ បាន ពៅ ភេទ ស្រី អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានអោយកូនស្រី អាយុប្រមាណ ០១ខួប ០៦ខែ ដេកក្នុងអង្រឹង ហើយខ្លួនក៏បានចេញទៅផ្សារទិញម្ហូប ហើយដោយសំអាងថាប្តីរបស់ខ្លួនធ្វើការនៅផ្ទះក្បែរផ្ទះរបស់ខ្លួនដែរ ក៏មិនមានការប្រុងប្រយ័ត្ន លុះខ្លួនត្រឡប់មកពីផ្សារវិញ មើលទៅកូនមិនឃើញកងដៃដែលកូនពាក់នោះទេ ហើយបានសួរទៅប្តី តែប្តីថាមិនដឹងដែរ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងដោយផ្ទះរបស់ជនរងគ្រោះមានបំពាក់កាមេរ៉ាសុវត្ថិភាព ក៏បានឆែកមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ទើបកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យមកសាកសួរ ។ ក្រោយពីធ្វើការសាកសួរ យើងអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ លី ចិត្រា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានលួចយកកងដៃពីកូនរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(កងដៃ) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែក កងដៃ កម្លាំងជំនាញបានប្រគល់ជូនម្ចាស់ដើមវិញ ។