ឩត្តមសេនីយ៍ឯកតែម ម៉ឺន៖ ព័ត៌មានអាក្រក់លើតចេញពីការប្រកួត
ភ្នំពេញ៖លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានទទួលស្គាល់ថាពត៌មាន
អាក្រក់របស់ប្រដាល់គឺកើតចេញពីការប្រកួតតែម្ដង ។
លោកថ្លែងបែបនេះនៅក្នុងេពិធីបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសអាជ្ញាក្ណដាលចៅក្រមកម្រិតមធ្យមនា
ព្រឹកថ្ងៃទី៥សីហា ។វគ្គនេះមានសិក្ខាកាមចំនួន៨៤នាក់តែការសិក្សាចែកចេញជា២គឺ៤២នាក់សិក្សាពីថ្ងៃទី៥ដល់
៦សីហា និង ៤២នាក់ទៀតសិក្សាពីថ្ងៃទី៧ដល់៨សីហាហើយនៅពេលបិទវគ្គគឺបិទរួមគ្នាតែម្ដង ។
វគ្គដែលគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡានេះវាគ្មិនសំខាន់ៗដែឩទ្ទេសនាមក្នុងវគ្គនេះមានលោក ព្រឹទ្ធាចារ្យឈិត សារឹម លោកមាស សុខគ្រី លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន លោកឩត្តមសេនីយ៍ទោនិន ភិរម្យ និង លោកអ៊ិន ខេមរិន្ទ ។
លោកហេង សុឃនអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរដែលជាអ្នកគ្រប់គ្រងវគ្គមានប្រសាសន៍ថាសិក្ខា
កាមទាំងអស់សុទ្ធតែមានបទពិសោធន៍ជាច្រើនឆ្នាំមកមែនតែអ្វីៗនៅមិនទាន់បំពេញបានសុក្រឹត១០០ភាគរយ
នោះទេហេតុនេះការបំពេញបន្ថែមគឺជាប្រការដែលមិនអាចខ្វះបានឡើយ ។
លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនដែលអញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះបានបន្ទោសថាពេលហៅមក
រៀនគ្មានអ្នកណាចង់មករៀនទេតែពេលផ្ដល់ពិន្ទុខុសបែរជាឆ្លើយដោះសាររបៀបយករួចខ្លួនថាច្រឡំ ។ចាប់ពី
ពេលនេះទៅបើខុសគឺត្រូវតែជាប់ពិន័យហើយព្រោះនេះជាការងារចាស់និងច្រំដែលៗ ។
ចាប់ពីពេលនេះទៅត្រូវលើកកំពស់ការងារ លើកកំពស់សមត្ថភាពបច្ចេកទេសរបស់ខ្លួនឡើងវិញកុំឲ្យ
ពត៌មានអាក្រក់នៅតែបន្តលេចចេញពីការប្រកួតបែបនេះតទៅទៀត ។ការផ្ដល់ពិន្ទិដោយមិនយុត្តិធម៌ ការបំពេញ
តួនាទីជាអាជ្ញាកណ្ដាលដោយលម្អៀងទើបលេចចេញនូវពត៌មានអាក្រក់បែបនេះ ។
សិក្ខាកាមដែលចូលរួមទៃងអស់នឹងបានទទួលនូវវញ្ញាបនប័ត្រគ្រប់គ្នាតែវិញ្ញាបនប័ត្រនេះមានតម្លៃខុស
គ្នា ។គឺអ្នកពូកែបានវិញ្ញាបនប័ត្រនិទ្ទេស A អ្នកបន្ទាប់បានវវិញ្ញាបនប័ត្រនិទ្ទេស B និង អ្នកខ្សោយជាងគេបានវិញ្ញាបនប័ត្រកម្រិតC ។
លោកឩត្តមសេនីយ៍បន្តថានៅចុងខែនេះលោកនឹងបើកវគ្គមួយទៀតដែលជាវគ្គបឋមដែលវគ្គនេះមាន
មន្រ្តីចាស់ៗរបស់សហព័ន្ធមួយចំនួនតូចដែលបាននិទ្ទេសខ្សោយនៅវគ្គនេះ ក្រៅពីនោះមានអ្នកដែលមានសញ្ញា
ប័ត្របរិញ្ញាប័ត្រ និងជនបរទេសមួយចំនួន ៕