កូនប្រុសថៅកែសំណង់ម្នាក់ដើរលេងមុខផ្ទះ ត្រូវរថយន្តកិនស្លាប់ភ្លាមៗ
កំពង់ស្ពឺ៖ វេលាម៉ោង៩និង៤០នាទី នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់បង្កដោយរថយន្តមួយគ្រឿង ដឹកគ្រឿងសំណង់ កិនក្មេងប្រុសស្លាប់ នៅភូមិក្រាំងតាតន ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អ្នកបើកបរមានឈ្មោះ ផៃ ផា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្មករស៊ីឈ្នួលបើកឡាន ឲ្យឈ្មោះ ឆាង ធំ ភេទប្រុស អាយុ៣៧ ឆ្នាំ “ថៅកែលក់គ្រឿងសំណង់”។
តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ត្រី ពៅ នឿន អធិការរង ទទួលការងារសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រថយន្ត ១គ្រឿង ម៉ាក ទីតាន់ ទម្ងន់ ១តោនកន្លះ ពណ៌ខៀវ ផ្លាកលេខសៀមរាប 2A-1369 មានបំពាក់ដងស្ទូចពីលើ បើកចូលទៅក្រោយផ្ទះក្នុងល្បឿនយឺតៗ ស្របពេលនោះមានក្មេងប្រុសឈ្មោះ គ្រុយ សៀកម៉េង អាយុ២០ខែ ជាកូនរបស់ឈ្មោះ ឆាង ធំ “ថៅកែ” ដើរចូលរថយន្តហើយត្រូវរថយន្ត ជាន់ស្លាប់នៅនិងកន្លែងតែម្ដង។
ក្រោយកើតហេតុតៃកុងរថយន្ដចុះរត់គេចខ្លួនបាត់ ចំណែកសពក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ករណីខាងលើនេះឪពុកម្ដាយក្មេងរងគ្រោះ មិនបានប្ដឹងផ្ដល់នោះទេ។ “ ការឆ្វេសប្រហែស នាំឲ្យមានវិប្បដិសារី “៕