ទូកក្តោង ត្រៀមបញ្ជូនកីឡាករ ៦រូបហ្វឹកហាត់នៅសឹង្ហបុរី ម៉ាឡេស៊ី និងចិន
ភ្នំពេញ៖សហព័ន្ធកីឡាទូកក្តោងកម្ពុជាត្រៀមបញ្ជូនកីឡាករចំនួន៦រូបទៅចូលរួមហ្វឹកហាត់នៅប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិនពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកា ដើម្បីត្រៀមសម្រាប់ចូលរួមក្នុងពឹ្រត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ធ្នូ នៅប្រទេសហ្វីលីពីន។
ក្រោយពីការប្រកួតកីឡាទូកក្តោង Pesta Sukan Dinghy Regatta 2019 នៅប្រទេស សឹង្ហបុរី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោងសឹង្ហបុរី បានបញ្ជាប់មក ជាលទ្ធផល កីឡាករ ញ៉ូវ ចាន់ វ័យ ១៧ឆ្នាំ ប្រកួតលើវិញ្ញាសា Laser Standard ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមកីឡាករ៤រូប មកពី០៣ ប្រទេសគឺ សឹង្ហបុរី កាណាដា និងកម្ពុជា ដោយទទួលបានមេដាយ មាស មួយគ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ ២ លើវិញាសា Laser Mix Open ក្នុងចំណោមកីឡាករ ១៤រូប ។
នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆមាសទី២ នៃឆ្នាំ២០១៩ និងជាមេដាយមាសដំបូងរបស់សហព័ន្ធកីឡាទូកក្តោង ។ សហព័ន្ធកីឡាទូកក្តោងកម្ពុជាត្រៀមបញ្ជូនកីឡាករលើវិញ្ញាសា Laser Boat ចំនួន២រូបទៅចូលរួមហ្វឹកហាត់នៅប្រទេសសឹង្ហបុរី និងម៉ាឡេស៊ី និងត្រៀមបញ្ជូនកីឡាករ វិញ្ញាសា Windsurfing ចំនួន០៤រូប ចេញទៅហ្វឹកហាត់នៅប្រទេស ចិន ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកា ដើម្បីត្រៀមសំរាប់ចូលរួមក្នុងពឹ្រត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅ ខែធ្នូ នៅប្រទេសហ្វីលីពិន និងដើម្បីត្រៀមសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ៕