ក្រសួងការពារជាតិ នឹងរៀបចំពិធីទទួលកងកម្លាំងរក្សាសន្តិភាព ២៨០នាក់ទៀត ដែលបញ្ចប់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង
ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពតាមរយៈបេសកកម្មអង្គការសហប្រជាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ២៨០នាក់ទៀត បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យ នៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅថ្ងៃទី៧ខែសីហានេះថា ពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងកម្ពុជា ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅប្រទេសទាំងពីរនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
កងកម្លាំងមួកខៀវទាំង៣កង ដែលបានបញ្ចប់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូងនេះរួមមាន៖
ទី១. កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ ចំនួន១០៥នាក់ (ស្រី៣នាក់) ដែលបានបញ្ចប់បេសសកម្មនៅប្រទេសម៉ាលី
ទី២. កងកម្ទេចគ្រាប់មិនទាន់ផ្ទះ (EOD) លេខ១៣២ ចំនួន១១៧នាក់ (ស្រី៥នាក់) បញ្ចប់បេសកកម្មនៅប្រទេសម៉ាលី
ទី៣. កងរាជអាវុធហត្ថលេខ៦៨១ ចំនួន៥៨នាក់ (ស្រី២នាក់) បញ្ចប់បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងបំពាក់គ្រឿងឥស្សរិយយស ជូនទង់កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ និងកងរាជអាវុធហត្ថលេខ៦៨១ ផងដែរ៕ ដោយ៖កូឡាប