កូនត្រីពូជ៥ម៉ឺនក្បាល ស្មើ១០០គីឡូក្រាម ត្រូវបានយកទៅលែងក្នុងបឹងធម្មជាតិ ខេត្ដកំពង់ធំ
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានធ្វើពិធីលែងកូនត្រីពូជចំនួន៥ម៉ឺនក្បាល និងត្រីមេពូជ ចំនួន១០០ គីឡូក្រាម នៅអាងទំនប់ទឹក១មករា ស្ថិតនៅឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ ព្រឹកថ្ងៃពុធ០៧កើតខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងអ្នកចូលរួមប្រមាណ ៥០០នាក់។
លោក សុខ លូ បានមានប្រសាសន៍ថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះត្រូវបានរៀបចំឡើងចំពេលរដូវបិទនេសាទទូទាំងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្កលក្ខណៈឱ្យហ្វូងមច្ឆាជាតិទាំងឡាយមាន លទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត។ ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឱ្យមានភាពប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល កម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឱ្យសហគមន៍គ្រប់គ្រង និងរៀបចំផែន ការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។
លោកបានបញ្ជាក់ថា ក្នុងនាមជាមន្រ្តីខណ្ឌជលផល និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងមន្ទីរពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍវារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឱ្យបានរឹងមាំ។ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឱ្យបានច្បាស់លាស់ ។ត្រូវចាត់វិធានការលើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឱ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យធ្វើការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឱ្យ វិនាសពូជត្រីនាពេលអនាគត។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានអានរបាយការណ៍អំពីស្ថានភាពអាងទំនប់ទឹក ១មករានេះ ដោយអាងនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៦ អាចរក្សាទឹករហូតដល់ចំនួន ៣៩លានម៉ែត្រត្រីគុណ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រែប្រាំងនិងវស្សា ២.៥០០ហិកតា លើ ១៤ឃុំ ក្នុងនោះស្រុកបារាយណ៍ ១១ឃុំ និងស្រុកសន្ទុក ៣ឃុំ។ នេះជាលើកទី១៧ហើយ ដែលយើងបានរៀបចំប្រារព្ធពិធីលែងកូនត្រីពូជចំនួន ៥ម៉ឺនក្បាល ដោយក្នុងនោះកូនត្រីឆ្ពិន ៤៥.០០០ក្បាល និងកូនត្រីប្រលូង ៥.០០០ក្បាល និងត្រីមេពូជ ចំនួន១០០គីឡូក្រាម មានត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្ដែង អន្ទង់ ។ ការលែងកូនត្រី និងមេពូជថ្ងៃនេះគឺដើម្បីធ្វើឱ្យអាងទំនប់ទឹកនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ ៕ ដោយ៖ សំរិត