ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-បាវិតគ្រោងចំណាយថវិកា ជិត៤ពាន់លានដុល្លារ

69

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ដ្រីក្រសួង​សាធា រណការ និង​ដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល បាន​អះអាងថា ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​បាវិត ព្រំដែន​កម្ពុជា-វៀតណាម គ្រោង​ចំណាយ​ថវិកា​ធ្វើ​អស់​ប្រមាណ៣៨០០លាន​ដុល្លារ​បន្ទាប់ពី​បាន​សិក្សា​រួចរាល់​ទាំងអស់ ដោយ​កំណត់​ថ្ងៃ​សម្រាប់​សាងសង់។
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចំណត​កំពង់ផែ​កុងតឺន័រ LM១៧ ជំហាន​ទី២ នៃ​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ស្ថិតនៅ​ភូមិ កណ្តាល​លើ ឃុំ​បណ្តា​យ​ដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល។
លោក​បាន​ថ្លែងថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ​ទៅ​បាវិត ដែលមាន​ចម្ងាយ​ផ្លូវ​ប្រវែង១៦០គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវ​នេះ។ បន្ទាប់ពី​ធ្វើការ​សិក្សា​រួច ផ្លូវ​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣ ៨០០លាន​ដុល្លារ ដែល​ការចំណាយ​យ៉ាងច្រើន​បែបនេះ ដោយសារតែ​ផ្លូវ​ដែល​ត្រូវ​សាងសង់​គឺមាន​លិច​ទឹក ហើយ​កាត់​តាម​បឹង ឬ​តំបន់​លិច​ទឹក​ច្រើន ដែលមាន​ប្រវែង​រហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យ​តម្លៃ​ក្នុងការ​ចំណាយ​សាងសង់​ច្រើន។
លោក​បាន​លើកឡើងថា បើ​ប្រៀបធៀប​ទៅនឹង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ដ​ព្រះសីហនុ ដែលមាន​ប្រវែង១៩០គីឡូម៉ែត្រ​នោះ គឺ​ចំណាយ​ថវិកា​ប្រមាណ​តែ ២ ០០០លាន​ដុល្លារ​ប៉ុណ្ណោះ ដោយសារ​ផ្លូវ​នេះ មិនមាន​ការសាងសង់​ឆ្លងកាត់​បឹង ឬ​តំបន់​លិច​ទឹក ដូច​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​បាវិត។

លោក​បាន​បន្ដថា ដោយសារតែ​ទំហំ​ទឹកប្រាក់ ក្នុងការ​ចំណាយ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​បាវិត​នេះ គឺមាន​ចំនួន​ច្រើនពេក​នោះ រាជរដ្ឋាភិបាល​មិនទាន់​សម្រេច​ធ្វើការ​សាងសង់ ឬ​យ៉ាងណាទេ ដោយ​កំពុងតែ ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​កសាង​ផ្លូវ​នេះ។
ជាមួយគ្នានេះដែរ សម្រាប់​ផ្លូវជាតិ​លេខ១ រាជរដ្ឋាភិបាល​ក៏ដូចជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យ​អង្គការ JICA ធ្វើការ​សិក្សា ដើម្បី​ពង្រីក​បន្ថែម​ឱ្យបាន​ធំ​ទូលាយ ក្នុងការ​ចូលរួម​កាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍ ជាពិសេស​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​តាមផ្លូវ​នេះ​ឱ្យមាន​សុវត្ថិភាព។
ក្រៅពី​ការសិក្សា​ផ្លូវជាតិ​លេខ១ អង្គការJICA ក៏​កំពុង​សិក្សា​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​សិក្សា​បញ្ចប់​នៅ​ចុងឆ្នាំ២០១៩ ខាងមុខ ដើម្បី​សាងសង់ ផ្លូវ​រថភ្លើង​លើ​អាកាស ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ។ ការសាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ គឺមាន​តម្លៃ​ថ្លៃ​ណាស់ ដោយ​តាម​ការសិក្សាប៉ាន់ ប្រមាណ​របស់​អង្គការ JICA គឺ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង១៨គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១,២០០លាន​ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង