ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ​មាន​ចំនួន​ជាង​១៥​លាន​នាក់ ​

67

ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ បាន​ថ្លែងថា​ តួលេខ​បណ្តោះ​អាសន្ន​ក្នុង​ឆ្នាំ​២០១៩​នេះ​ គឺមាន​ប្រជាជន​ជាង​១៥​លាន​នាក់ ​នៅ​ទូទាំងប្រទេស ។

ថ្លែង​នៅក្នុង​កម្មវិធី​ប្រកាស​តួលេខ​បណ្តោះ​អាសន្ន​នៃ​ជំរឿន​ទូទៅ ​ប្រជាជន​នៅ​ព្រះរាជា ​ណា​ចក្រ​កម្ពុជា ​ឆ្នាំ​២០១៩ ​នា​ព្រឹក​ថ្ងៃទី​៧ ​ខែសីហា​ ឆ្នាំ​២០១៩​នេះ​ នៅ​សណ្ឋាគារ​ភ្នំពេញ​ សម្តេច​ក្រឡាហោម​ស ខេង ​បាន​ឲ្យ​ដឹងថា​ តាម​តួលេខ​បណ្តោះ​អាសន្ន​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ថ្ងៃទី ០៣​ខែមីនា ​ឆ្នាំ​២០១៩ ​ប្រជាជន​សរុប​តាម​វិធីសាស្ត្រ​ឃើញ​រាប់ ​(de-facto) ​មាន​ចំនួន ១៥.២៨៨.៤៨៩​នាក់ ក្នុងនោះ ​មាន​ប្រុស​៧,៤១៨.៥៧៧​នាក់ និង​ស្រី ៧.៨៦៩.៩១២ នាក់​។

សម្តេច​ក្រឡាហោម ស ខេង ​បានបញ្ជាក់​ថា ​តាម​តួលេខ​បណ្ដោះអាសន្ន​នេះ ​ពិនិត្យឃើញថា ​ចំនួន​ប្រជាជន​កម្រិត​ថ្នាក់​ជាតិ​មាន​និន្នាការ​កើនឡើង​យឺត ​ដោយសារ​អត្រា​ផ្តល់​កំណើត​និង​អត្រា​កំណើន​ប្រជាជន​បាន​ថយ​ចុះ​ស្របតាម​ការ​ព្យាករណ៍​ដែល​បាន​រំពឹងទុក​។ ​អត្រាកំណើន​ប្រជាជន​ប្រចាំឆ្នាំ​ បាន​ថយចុះ​ពី​១,៥ ​ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨​ និង​២០០៨​មក​១,២ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៨ ​និង ២០១៩​ហើយ​អត្រា​កំណើន​ប្រចាំឆ្នាំ​របស់​កម្ពុជា ​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​ពិនិត្យ​ឃើញថា​ ខ្ពស់ជាង​អត្រាកំណើន​មធ្យម​នៅ​អាស៊ីអាគ្នេយ៍​ដែល​មាន​តែ​១,០​ភាគរយ​។ ​ការ​ជំរឿន​ក្នុង​ឆ្នាំ​២០១៩​នៅ​កម្ពុជា​នេះ ​នឹង​ផ្តល់​ទិន្នន័យ​ច្បាស់លាស់​អំពី​ទំហំ​ប្រជាជន និង​ចរិត ​លក្ខណៈ​ប្រជាជន បន្ទាប់ពីជំរឿនប្រជាជនឆ្នាំ ២០០៨​។ ទិន្នន័យ​ទាំង​អស់នេះ ​គឺ មាន​សារសំខាន់ ​ណាស់ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​អ្នកប្រើប្រាស់​ទាំង ​ឡាយ ធ្វើ​សេចក្ដី​សម្រេច​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការកសាង​ផែនការ​ឆ្ពោះទៅរក​ការ​អភិវឌ្ឍជាតិ ប្រកបដោយ​ចីរភាព​។

សម្តេច​ក្រឡាហោម ស ខេង​ បាន​បញ្ជាក់ទៀតថា​ គោលនយោបាយ​ជាតិ​ប្រជាជន​គឺជា លទ្ធផល​សំខាន់​មួយ​ដែល​ទទួល​បាន​ពី​ការធ្វើជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ​ផងដែរ ​ហើយ​ការធ្វើ​ចំណោល​ប្រជាជន ​ដោយ​ផ្អែកលើ​ទិន្នន័យ​ជំរឿន​ក៏​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ដោយ​រាជរដ្ឋាភិបាល ក្រសួងផែនការ និង​បណ្តា​ក្រសួង​ផ្សេងៗ​ជាដើម​។

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ​បាន​ថែ្លង​ក្នុង​កម្ម​ វិធី​ខាងលើនេះ ​ថា​ ​ការធ្វើជំរឿន​ឆ្នាំ​២០១៩​នេះ​ វា​មាន​លក្ខណៈ​ទំនើប​ជាង​ការ​ធ្វើជំរឿន​ក្នុង​ឆ្នាំ​១៩៩៨​និង​ ឆ្នាំ​២០០៨ ​កន្លងទៅ ​ដោយ​ក្រុមការងារ​បាន​ដាក់​ប្រព័ន្ធ​សម្រាប់​វាយតម្លៃ​ភាព​សុ​ក្រឹត្យ​នៃ​ការ​ធ្វើជំរឿន ដោយ​ប្រើប្រាស់​ប្រព័ន្ធ Tablet PDA​ និង​បច្ចេកទេស​NBS​៕

អត្ថបទដែលជាប់ទាក់ទង