រដ្ឋបាលក្រុងព្រះសីហនុចុះទម្លាក់ស្លាកយីហោ “ភោជនីយដ្ឋានទ្វារមាស” របស់ថៅកែជនជាតិចិន
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលដោយភោជនីយដ្ឋាន របស់ជនជាតិចិនមួយកន្លែងបានដំឡើង ឬលើកស្លាកយីហោហាង របស់ខ្លួនមានឈ្មោះថា “ភោជនីយដ្ឋានទ្វារមាស” មានទីតាំងនៅចំកណ្តាលក្រុងព្រះសីហនុ។
ស្លាកយីហោ ដែលមានការទាក់ទាញ ចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងសាធារណជន ខាងលើនេះ ត្រូវបានគេថតបង្ហោះតាមបណ្តាញសង្គម ជាពិសេស ក៏បានរិះគន់មន្ត្រីដឹកនាំ មន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួន នៃរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ យ៉ាងចាស់ដៃផងដែរ។
បន្ទាប់ពីផ្ទុះការរិះគន់ទៅលើស្លាកយីហោហាងជនជាតិចិនខាងលើនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានចាត់ឲ្យមន្ត្រីរដ្ឋបាលសាលាក្រុងព្រះសីហនុ ចុះសហការគ្នាជាមួយមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុផង បានចុះទៅដល់ទីតាំងហាង របស់ថៅកែចិន មានស្លាកយីហោ “ភោជនីយដ្ឋានទ្វារមាស” ដើម្បីណែនាំដល់ម្ចាស់ហាងជនជាតិចិនរូបនោះ ឲ្យរុះរើទម្លាក់ស្លាកយីហោ”ទ្វារមាស” នោះចេញនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ។
“ភោជនីយដ្ឋានទ្វារមាស” ដែល មានថៅកែជនជាតិចិនខាងលើនេះ មានទីតាំងនៅខាងក្រោយស្ថានីយប្រេងឥន្ធនៈតូតាល់ ស្ថិតក្នុងភូមិភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ទាក់ទិនការលើកស្លាកយីហោនេះ មន្ត្រីរដ្ឋបាលសាលាក្រុងព្រះសីហនុ និងមន្ទីរមន្ទីរវប្បធម៌ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំពោះបញ្ហាលើកស្លាកយីហោ របស់ជនជាតិចិន ដោយបកប្រែពីអក្សរចិន មកជាភាសាខ្មែរ នៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ គឺភាគច្រើន បានសរសេរ ឬក៏បកប្រែភាសាពីភាសាចិន មកភាសាខ្មែរ បានខុសអក្ខរាវិរុទ្ធ ឬបកប្រែខុសអត្ថន័យដើម របស់ភាសាចិន៕