ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះស្រាយគំនុំចាស់ ពេលស្រវឹងស្រា ជួបគ្នាភ្លាម ប្រយុទ្ធគ្នាភ្លែត អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ

95

កណ្តាល៖ យុវជនបីនាក់ ដែលកំពុងស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំដូចគ្នា បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី ហើយមកជួបគ្នា ក៏កើតជាជម្លោះដោះស្រាយគំនុំចាស់ ប្រយុទ្ធគ្នាភ្លែត ដោយជនបង្កបានទាញខ្សែក្រវាត់ពីចង្កេះវាយគូទំនាស់បែកក្បាលហូរឈាម ។ បន្ទាប់ពីកើតហេតុ អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ។
ដែលករណីនេះ កើតហេតុថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទី នៅចំណុច ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

សេនាធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆិល មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្នាមមុត ត្រង់ក្បាលខាងឆ្វេងចំនួន១កន្លែង ទីលំនៅបច្ចុប្បន្នភូមិលេខ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ មុត សំណាង ហៅ ឆាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរថយន្ដ មានទីលំនៅ ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន) ២- ឈ្មោះ មុត ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិលេខ ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(គេចខ្លួន)។

នគរបាលបន្ថែមថា វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ មុត សំណាង ហៅឆាយ និងឈ្មោះ មុត ដារ៉ា ជិះម៉ូតូម្នាក់១គ្រឿង ចេញពីផ្ទះ របស់ឈ្មោះ កែវ ភិរម្យ ភេទប្រុស (ត្រូវជាឪពុកក្មេក របស់ឈ្មោះ មុត សំណាង) តាមផ្លូវលំ​ ដោយមានសភាពស្រវឹងស្រាជោកជាំ ទាំង២នាក់​ ហើយពេលមកដល់កន្លែងកើត​ហេតុ បានជួបនឹងក្រុមគ្រួសារ​របស់ ឈ្មោះ​ឆិល​ មករា​ កំពុងធ្វើដំណើរ​ចូលទៅផ្ទះរបស់ខ្លួន ក៏បានឈប់ម៉ូតូ ឈ្លោះ​ប្រកែកពាក្យសម្តីគ្នា​ ហើយភ្លាមនោះ​ឈ្មោះ​មុត ​សំណាង បានហូតខ្សែក្រវ៉ាត់ចេញពីចង្កេះខោរបស់ខ្លួន ព្រួតគ្នាជាមួយឈ្មោះ​មុត ដារ៉ា វាយ​ទៅលើ​ឈ្មោះ​​ឆិល​ មករា ជាជនរងគ្រោះ ​បណ្ដាលឲ្យមានរបួស​ស្នាម​ ហើយភ្លាមនោះ​កម្លាំង​សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំ​ បានចុះទៅ​ដល់កន្លែង​កើតហេតុ និងបាននាំខ្លួនឈ្មោះ​មុត​ សំណាង ដើម្បីធ្វើការសាសួរ​ ចំណែកឈ្មោះ មុត ដារ៉ា រត់គេចខ្លួនបាត់ ចំណែកឈ្មោះ​​ឆិល​ មករាត្រូវបានសាច់ញាតិ បងប្អូន​ដឹកយកទៅព្យាបាលរបួស​នៅមន្ទីរពេទ្យ​ក្រុងតាខ្មៅ​។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង