ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ លើកទឹកចិត្តដ​ល់​អ្នកវិនិយោគកម្ពុជា ដែល​មានបំ​ណង​ចង់ពង្រីកអាជីវកម្មរបស់​ខ្លួ​ននៅ​ប្រទេ​ស​ស្រីលង្កា

49

ភ្នំពេញ៖ សម្តេចតេជោសូមលើកទឹកចិត្តដ​ល់​អ្នកវិនិយោគកម្ពុជា ដែល​មានបំ​ណង​ចង់ពង្រីកអាជីវកម្មរបស់​ខ្លួ​ននៅ​ក្រៅប្រទេ​ស ពិចារណាយកប្រទេ​ស​ស្រីលង្កាជាប្រទេសគោលដៅ​រ​បស់ខ្លួ​ន។

នៅរសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា ដែលត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

នៅក្នុងវេទិកានោះផងដែរ ប្រធានសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-ស្រីលង្កា និងមន្ត្រីនៃក្រសួងការបរទេសនៃប្រទេសស្រីលង្កា ក៏បានឡើងបង្ហាញពីទំនាក់ទំនង និងស្ថានភាពនៃប្រទេសទាំងពីរ ជាពិសេសបង្ហាញពីការធ្វើធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាទាក់ទាញការវិនិយោគពីគ្នាទៅវិញទៅមក។ ហើយ ខាងភាគី ស្រីលង្កា ពិតជារីករាយដែលបានអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នាពេលនេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់​ ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា មកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជា-ស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ទសវត្សរ៍មុនមកម្លេះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិល តែយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។

សម្តេចតេជោបានបង្ហាញថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។ តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគត្រូវបានអនុម័ត មានចំនួន ១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ២ពាន់លានដុល្លារអាមេរិក។

ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៨នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២, ៨៨ លាននាក់ មានការកើនឡើង ១១, ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលដូចគ្នានេះ ចំនួនភ្ញៀវទេសចរស្រីលង្កា បានកើនឡើង ២២% គឺពី ១.៤៣៧នាក់ ដល់ ១.៧៥៦នាក់។ គួរកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០១៨ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចំនួនប្រមាណ ៦,២លាននាក់ ហើយកម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ពោលគឺប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ និង ១១លាននាក់នៅឆ្នាំ២០២៥ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។

សម្តេចតេជោបានបង្ហាញពីដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ កម្ពុជាបានបង្កើតយន្តការសន្ទនាមួយ ហៅថា “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ដែលសម្តេចដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្តតំណាងផ្នែកឯកជនគ្រប់វិស័យ ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយ ហើយវិធានការមុតស្រួចមួយចំនួនសំដៅ៖
១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា
២) កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច
៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាព។

សម្តេចតេជោសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ សម្តេចតេជោ ក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាយកប្រទេសស្រីលង្កាជាប្រទេសគោលដៅរបស់ខ្លួន។

សម្តេចតេជោក៏បានជម្រាបជូនធុរជន និងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ ៥ចំណុច៖
១) ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពីឆ្នាំ១៩៧៩ កម្ពុជាបានប្រឹងប្រែងដោយប្រើប្រាស់ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចពីចំណុចសូន្យ ដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីខាងក្រៅយ៉ាងអយុត្តិធម៌ រហូតបានបញ្ឈប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃកាលពីចុងឆ្នាំ១៩៩៨ ដោយដាក់ចេញនូវ “គោលនយោបាយឈ្នះ-ឈ្នះ” ។ ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីទាំងក្នុងតំបន់ និងសកល ហើយបច្ចុប្បន្ន កម្ពុជាទទួលបានទាំងស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ចពេញលេញដែលបានទាក់ទាញធុរជន និងវិនិយោគិនមកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។

២)ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគ
កម្ពុជា និងអ្នកវិនិយោគបរទេស។

៣)កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។

៤)កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា“រោងចក្រនៃអាស៊ី” ។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។

៥)កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ “វប្បធម៌និងធម្មជាតិ រួមមាន សម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេបឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។

សម្តេចក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កា​ដែលមានវត្តមាននៅទីនេះធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងកលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្តេច​ សូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន សម្តេចក៏បានជូនពរអោយគណៈប្រតិភូនៃប្រទេសស្រីលង្កា ដែលមកបំពេញទេស្សនកិច្ចក្នុងប្រទេសកម្ពុជា ព្រមទាំងវេទិកានេះទទួលបាននូវភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង