រដ្ឋបាលរាជធានី ប្រកាសរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់ នៅជុំវិញមណ្ឌលប្រឡង
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យបានតឹងរ៉ឹងដើម្បីធានាសុវត្ថិភាព និង គុណភាពនៃការប្រឡង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ ដើម្បីការពារកុំឲ្យកើតមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង ដែលនាំឲ្យរំខានដល់ការប្រឡង។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ ថា សាលារាជធានីភ្នំពេញបានដាក់ចេញផែនការ៤ចំណុច ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅជុំវិញបរិវេណមណ្ឌលប្រឡង គឺការពង្រាយកងកម្លាំងការពារប្រចាំការនៅជុំវិញបរិវេណមណ្ឌលប្រឡង និងការសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ បុគ្គលិកសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យជា ដើម។ លោកអភិបាលរង បានបញ្ជាក់ថា ការត្រៀមផែនការនេះ គឺដើម្បីធានាឲ្យបរិយាកាសនៃ ការប្រឡងបានប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន ធានាបានគុណភាពប្រឡង ដែលស្វែងរកអ្នកដែលចេះពិតប្រាកដ។
តែទោះបីយ៉ាងណា លោកអភិបាលរង បានស្នើសុំឲ្យកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចគណៈបញ្ជាការឯកភាពខណ្ឌ ជាអ្នកការពារ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅខាងក្រៅបរិវេណមណ្ឌលប្រឡង។ ចំណែកខាង ក្នុងបរិវេណមណ្ឌលប្រឡង ជាភារកិច្ចរបស់ក្រសួងអប់រំ យុវជននិងកីឡា។ គួ បញ្ជាក់ថា នៅរាជធានីភ្នំពេញ មានមណ្ឌលប្រឡងចំនួន២៧មណ្ឌល ស្មើនឹង៩២៦បន្ទប់ ដែលមានបេក្ខជនប្រឡង ជាង២ម៉ឺននាក់ ក្នុងចំណោមបេក្ខជនទូទាំងប្រទេសជាង១១ម៉ឺននាក់។ការប្រឡងបាក់ឌុបឆ្នាំ ២០១៩ នេះនឹងមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែសីហា។
ក្នុងឱកាសនោះដែរ លោកជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា ការត្រៀម ផែនការការពារពីគ្រប់ភាគីពាក់ព័ន្ធនេះ នឹងជួយធ្វើឲ្យដំណើរការប្រឡងបានប្រព្រឹត្តទៅដោយល្អប្រសើរតាមការគ្រោងទុក ពិសេសទប់ស្កាត់ទាន់ពេលវេលាចំពោះបាតុភាពមិនប្រក្រតីណា មួយដែលរំខានដល់ដំណើរការប្រឡង។
លោកបានរំលឹក ដល់បេក្ខជនប្រឡងទំាងអស់ មិនត្រូវយកសំណេរឯកសារ ឬទូរស័ព្ទស្មាតហ្វូន ចូលក្នុងមណ្ឌលប្រឡងឡើយ បើអនុរក្សរកឃើញនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយការប្រឡងឆ្នាំនេះ នៅតែអនុវត្តន៍វិធានយ៉ាងតឹងរ៉ឹងជាទីបំផុត គឺអ្នកចេះ គឺជាប់ អ្នកមិនចេះ គឺធ្លាក់ ដើម្បីធានាតម្លាភាព និងគុណភាពធនធាមនុស្សនៅកម្ពុជា។
យោងតាមប្រកាសដែលក្រសួងអប់រំ បានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក កាលពីថ្មីៗនេះ បានឱ្យដឹងថា បេក្ខជនដែលបានប្រព្រឹត្តនូវអ្វីដែលចាត់ទុកថា មានបំណងលួចចម្លង នឹងមិនអនុញ្ញាតឱ្យចូលប្រឡងនោះទេ ហើយត្រូវបានកំណត់ឱ្យធ្លាក់ លើកលែងតែបេក្ខជនប្រគល់រាល់សៀវភៅឯកសារ ឬសំណៅឯកសារ ឱ្យគណៈមេប្រយោគមុនចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង៕