សិស្សសាលា 2 នាក់ ម្នាក់ស្លាប់ ម្នាក់របួស ដោយដើមត្នោតរលំសង្កត់ ឯអ្នកកាប់ដើមត្នោតពីរនាក់ត្រូវចាប់ខ្លួន
បរិបូណ៌: នគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនមនុស្ស 2 នាក់ ពាក់ព័ន្ធករណីកាប់រំលំដើមត្នោត បណ្ដាលឱ្យដួលសង្កត់ លើសិស្សសាលា 2 នាក់ កំពុងជិះម៉ូតូនៅលើផ្លូវលំ ក្នុងនោះម្នាក់បានស្លាប់ម្នាក់របួសធ្ងន់។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ កើតមានករណីកាប់រំលំដើមត្នោត បណ្ដាលឱ្យសង្កត់សិស្សសាលាចំនួន ២ នាក់។
សិស្សសាលា ២ នាក់នោះមានឈ្មោះ១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស។ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរ ខេត្តពោធិសាត់។ ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ បានរងការខូចខាតស្ទើរទាំងស្រុង។
រីឯជនសង្ស័យ ជាអ្នកអាដើមត្នោតមានគ្នាពីរនាក់ ១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីកើតហេតុជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន៕