ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំធ្វើទិវាហែលទឹកអន្តរជាតិលើកទី២

141

​ភ្នំពេញ:សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសជាផ្លូវការស្ដីពី ការរៀបចំទិវាហែលទឹកអន្តរជាតិលើកទី២ ( 2nd FINA World Aquatics Day)ដែលនេះ ជាការទាមទាររបស់សហព័ន្ធហែលទឹកអន្តរជាតិ ឲ្យបណ្ដាប្រទេសជាសមាជិកត្រូវតែរៀបចំព្រឹត្តិការណ៍នេះ ។

​ថ្លែងក្នុងសន្និសីទកាសែត នាមាត់អាងហែលទឹកស្ដាតអូឡាំពិក ព្រឹកថ្ងៃទី១៦កក្កដា លោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា កម្ពុជានឹងធ្វើព្រឹត្តិការណ៍នេះ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៧កក្កដាធ្វើនៅ អាងទឹកស្ដាតអូឡាំពិក ពីព្រឹករហូតដល់ម៉ោង៤រសៀល ។ ថ្ងៃទី២១កក្កដា ធ្វើនៅអាងទឹកតេជោសែនខេត្តកំពង់ចាម និងថ្ងៃទី២៥កក្កដា ធ្វើនៅអាងហែលទឹកការ៉ាកុល នាខណ្ឌច្បារអំពៅ ដែលជាអាងហែលទឹក របស់លោកហែម ចាន់លីអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។

​រយៈពេល៣ថ្ងៃនេះ គឺសហព័ន្ធបើកទូលាយ ឲ្យមហាជនចូលរួមហែលទឹក រៀនហែលទឹក ដោយមិនគិតកម្រៃអ្វីទាំងអស់ ។គោលដៅនៃការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបើកទូលាយ សម្រាប់មហាជនប៉ុណ្ណោះទេតែវាជាឱកាសមួយ ដើម្បីបង្រៀនមនុស្សឲ្យចេះហែលទឹក ។
គោលដៅរបស់សហព័ន្ធអន្តរជាតិ គឺឲ្យមនុស្សទូទៅរៀនហែលទឹក ចេះហែលទឹក ដើម្បីឲ្យជីវិតគេចផុតពីគ្រោះមហន្តរាយ នៃការលង់ទឹក ។នៅកន្លែងប្រារព្ធពិធីនេះ គឺមានមន្ត្រីបច្ចេកទេស គ្រូបង្វឹកហែលទឹកនៅប្រចាំការ ដើម្បីជួយបង្រៀនហែល និងជួយណែនាំពីសារសំខាន់ នៃការចេះហែលទឹក ។

​សូមបញ្ជាក់ថា នៅថ្ងៃទី១៧កក្កដា ជារៀងរាល់ឆ្នាំប្រទេសជាសមាជិកសហព័ន្ធកីឡាហែលទឹក ទាំងអស់សុទ្ធតែប្រារព្ធពិធីនេះដូចៗគ្នា ។ នេះជាឆ្នាំទី២ហើយ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ណែនាំប្រទេសជាសមាជិកឲ្យរៀបចំព្រឹត្តិការណ៍នេះ ៕

អត្ថបទដែលជាប់ទាក់ទង