រដ្ឋបាលរាជធានីទទួលបានជំនួយឥតសំណង ពីជប៉ុនលើចំនួនទឹកប្រាក់ជាង១៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន១.៥៩១.០៥៨.០០០យ៉េនជប៉ុន ឬស្មើនឹង ១៤.៥០០.០០០ដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ សំដៅធ្វើឲ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងភូមិសាស្ត្រខណ្ឌទាំង៥នៅកណ្តាលរាជធានីភ្នំពេញ ។
នេះបើតាមការបញ្ជាក់អោយដឹងពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ នូវសម្មិទ្ធិផលនានាដែលបានសាងសង់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន នារសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩នេះនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកHORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោក SUGANO Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA
ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លោកឃួង ស្រេង បានបន្តថា ស្ថានភាពក្នុងរាជធានីភ្នំពេញកំពុងកើតមានបញ្ហាការកកស្ទះចរាចរណ៍ ដោយសារតែការកើនឡើង
គំហុកនូវចំនួនរថយន្តគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ដែលតាមស្ថិតិបច្ចុប្បន្នមានរថយន្តគ្រប់ប្រភេទចំនួន២,១៥លានគ្រឿង ក្នុងនោះ រថយន្តមានចំនួន៥០ម៉ឺនគ្រឿង ទោចក្រយាន្តយន្តមានចំនួន ១,
៦លានគ្រឿង។ ជាមួយនិងកំណើននេះរដ្ឋបាលរាជធានី ក្រោមការជួយឧបត្ថមគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានធ្វើអោយ
ដំណើរការជាផ្លូវការ លើការសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ។លោកបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញខាងលើនេះ ត្រូវបានចាប់ផ្តើមដំណើរការអនុវត្តកាលពីខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេលសរុប៣៥ខែ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបង្ហាញអោយដឹងផងដែរថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅពេលនេះ រួមមាន៖ ១-ការងារតម្លើង និងបំពាក់ភ្លើងស្តុបថ្មី នៅតាមចំណុចប្រសព្វសរុបចំនួន ១១៥ ទីតាំង។ ២-ការងារបំពាក់កាម៉េរ៉ាចាប់រូបភាព និងវិភាគទិន្នន័យយានយន្តឆ្លងកាត់ ចំនួន១៩៤គ្រឿង
៣-ការងារបំពាក់កាម៉េរ៉ាសុវត្ថិភាព CCTV ចំនួន២៦គ្រឿង សម្រាប់ត្រតពិនិត្យតាមដានស្ថាន
ភាពចរាចរណ៍ នៅតាមបណ្តាចំណុចផ្លូវប្រសព្វសំខាន់ៗក្នុងរាជធានីភ្នំពេញ។ ៤-ការងារសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ចំនួនមួយកន្លែងនៅក្នុងបរិវេណរដ្ឋបាលរាជធានីភ្នំពេញ នៅជាន់ទី៩នៃអគារសាងសង់ថ្មី ។ ៥-ផ្តល់នូវវគ្គបណ្តុះបណ្តាលសំខាន់ៗដល់មន្ត្រីបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ត្រីបច្ចេកទេសនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ទេរចំណេះដឹង និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធបញ្ជាភ្លើងសញ្ញាចរាចរណ៍ផងដែរ ។
គម្រោងនេះបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នតាំងពីខែធ្នូ ឆ្នាំ២០១៨ ។ ក្នុងរយៈពេលដាក់អោយដំណើរការ និងប្រតិបត្តិការបណ្តុះអាសន្នរយៈពេល៨ខែមកនេះ ឃើញថា គុណភាព និងប្រសិទ្ធិភាពនៃសម៉ូទិផលគម្រោងទទួលបានលទ្ធ
ផលល្អប្រសើរគួរជាទីមោទនៈ។ លោកសង្ឃឹមថាសមិទ្ធផលនៃគម្រោងនេះនឹងចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង
ប្រព័ន្ធចរាចរណ៍ក្នុងរាជធានីភ្នំពេញ ហើយនិងជួយធ្វើឲ្យប្រសើរឡើងនូវសកម្មភាពសង្គម និងសេដ្ឋកិច្ច ព្រមទាំងជីវភាព និងបរិស្ថានរស់នៅរបស់ប្រជាជនក្នុងរាជធានីភ្នំពេញផងដែរ។
លោកHORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រង់ចរាចរណ៍បែបទំនើបកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញយ៉ាងមានប្រសិទ្ធភាព។ លោកបានបន្តថា គម្រោងដែលរដ្ឋាភិបាលជប៉ុនផ្តល់ដោយឥតសំណងមកកម្ពុជានេះ បានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅ ហើយក្រោយដាក់ អោយដំណើរការជាបណ្តោះអាសន្នរួចមក
ឃើញថា គុណភាព និងប្រសិទ្ធិភាពនៃសម៉ូទិផលគម្រោងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដោយបានចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធចរាចរណ៍ក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ៕