សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការផ្អាកចរាចរណ៍ រថយន្តដឹកជញ្ជូនធុនធ្ងន់ក្នុងក្រុងព្រះសីហនុ
សូមជម្រាបជូនព័ត៌មានដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ជ្រាបថា៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តព្រះសីហនុបានទទួលឥទ្ធិពលព្យុះមូសុងនិរតី និងប្រព័ន្ធសម្ពាធទាប (ITCZ) បណ្ដាលឱ្យមានខ្យល់ ភ្លៀងធ្លាក់យ៉ាងខ្លាំងខុសប្រក្រតី ឥទ្ធិពលខ្យល់ និងភ្លៀងដ៏ខ្លាំងនេះ បានបណ្ដាលឱ្យតំបន់ទំនាបនៅក្នុងព្រះសីហនុទទួលរងការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវថ្នល់ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ
ដើម្បីរក្សាបានសុវត្ថិភាពការធ្វើដំណើរ និងរក្សានូវគុណភាពផ្លូវក្នុងក្រុង សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់បញ្ឈប់ការដឹកជញ្ជូនសម្ភារ សំណង់ ដី បេតុង នៅតាមផ្លូវថ្នល់នានាក្នុងក្រុងព្រះសីហនុ ចាប់ពីពេលជូនដំណឹងនេះរហូតដល់មានការផ្ដល់ព័ត៌មានជាថ្មី។