បុរសម្នាក់ធ្លាក់ចូលអាងក្រពើ ត្រូវក្រពើខាំស្លាប់ ហើយអ្នកភូមិសម្លាប់ក្រពើអស់ជិត ៣០០ក្បាល នៅ ឥណ្ឌូណេស៊ី
(ឥណ្ឌូណេស៊ី)៖ បុរសម្នាក់ បានបាត់បង់ជីវិតដោយសារក្រពើខាំស៊ី ក្រោយពេលដែលគាត់បានធ្លាក់ចូលក្នុងអាងក្រពើ។ បន្ទាប់ពីបុរសម្នាក់នេះស្លាប់ហើយ ប្រជាជនមួយភូមិដែលពោរពេញដោយភ្លើងកំហឹង បានកាប់សម្លាប់សត្វក្រពើសរុបជិត ៣០០ក្បាល នៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ការសម្លាប់សត្វក្រពើដើម្បីសងសឹងខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ នៅខេត្ត ប៉ាពួរ (Papue) បន្ទាប់ពីការរៀបចំបុណ្យសពរបស់បុរសម្នាក់ ដែលបានទទួលមរណភាព ក្រោយពីជនរូបនោះបានធ្លាក់ទៅក្នុងរោងចិញ្ចឹមក្រពើមួយកន្លែងនៅពេលកំពុងដើររកមើលស្មៅឲ្យសត្វគោរបស់ខ្លួនស៊ី។ ជនរងគ្រោះដែលមានវ័យ ៤៨ឆ្នាំ ត្រូវបានក្រពើត្របាក់ចំជើង ហើយចុងក្រោយត្រូវវាត់នឹងកន្ទុយបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តង។
គួរជម្រាបថា បងប្អូនសាច់ញាតិរបស់ជនរងគ្រោះ ព្រមទាំងអ្នកភូមិជាមួយគ្នានា ដែលផ្ទុះការខឹងសម្បារជាខ្លាំង ចំពោះទីតាំងនៃកសិដ្ឋានចិញ្ចឹមសត្វក្រពើ នៅក្បែរលំនៅឋានប្រជាជននោះ និងមានគ្នីគ្នាខ្ទង់រយនាក់បានសម្រុកទៅកាន់កន្លែងចិញ្ចឹមក្រពើ ដោយកាន់កាំបិត ដាវ និងចបជាដើមហើយពួកគេក៏បានប្រើប្រាស់អាវុធទាំងនោះ កាប់សម្លាប់សត្វក្រពើសរុប ២៩២ក្បាល ក្នុងនោះមានតាំងពីកូនក្រពើប្រវែង ១០សង់ទីម៉ែត្រ រហូតដល់ក្រពើជំទង់ៗប្រវែង ០២ម៉ែត្រ។ ជុំវិញទង្វើនេះ ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុងបើកការស៊ើបអង្កេត៕