ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រំលោភបំពានច្បាប់កម្មសិទ្ធិបញ្ញា សហគ្រិនដែលជាម្ចាស់ នឹងត្រូវប្រឈមចំពោះមុខច្បាប់ និងធ្វើឱ្យអាជីវកម្មបរាជ័យ ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស

65

(កំពត)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា បានគូសបញ្ជាក់ថា ការបំពានកម្មសិទ្ធិបញ្ញា មិនត្រឹមតែធ្វើឱ្យអាជីវកម្មបរាជ័យ ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស ប៉ុណ្ណោះទេ ប៉ុន្តែសហគ្រិនដែលជាម្ចាស់ នឹងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត បើសិនជាមានករណីប្តឹងផ្តល់កើតឡើង ពីព្រោះកម្ពុជា គឺជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម» ដែលរៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៩ ដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលសាលាខេត្តកំពត។

ថ្លែងនៅចំពោះសិក្ខាកាម ដែលជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងតំណាងស្ថាប័នពាក់ព័ន្ធចំនួន ៨៥នាក់ លោក រាជ រ៉ា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា ដើម្បីការពារអត្ថប្រយោជន៍វិស័យឯកជន និងប្រជាពលរដ្ឋ តាមរយៈការចងក្រង និងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការចូលរួមសន្ធិសញ្ញា និងកិច្ចព្រៀមព្រៀងអន្តរជាតិ និងការបញ្ជ្រាបវិស័យកម្មសិទ្ធិបញ្ញា ទៅក្នុងប្រព័ន្ធអប់រំជាតិ ជាដើម។

លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ ស្វែងយល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា និងចូលរួមអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយសហគ្រិនភាព ដែលជាមូលដ្ឋានគ្រឹះនៃការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ ដូចមានចែងនៅក្នុងមុំទី៣ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងជំពូកទី៦ នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣។

សូមជម្រាបថា សិក្ខាសាលានេះ បានលើកយកប្រធានបទសំខាន់ៗជាច្រើនដូចជា៖ ច្បាប់កម្មសិទ្ធិបញ្ញា សិទិ្ធអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូឌែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ព្រមទាំងទោសទណ្ឌចំពោះការរំលោភកម្មសិទ្ធិបញ្ញា ដើម្បីសិក្ខាកាមយកចំណេះដឹងទាំងអស់នេះ ទៅប្រើប្រាស់ជាប្រយោជន៍ សម្រាប់អនុវត្តការងារនៅតាមស្ថាប័នរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង