កម្ពុជា ប្តេជ្ញាជំរុញការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ បញ្ចប់នៅចុងឆ្នាំនេះ
(ភ្នំពេញ)៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាន់ជំហរគាំទ្រ និងជំរុញឱ្យបញ្ចប់ដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាប្លុកពាណិជ្ជកម្មសេរីដ៏ធំ និងមានសារៈសំខាន់បំផុត នៅចុងឆ្នាំ២០១៩នេះ»។ នេះបើតាមការបញ្ជាក់របស់ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម។
នៅក្នុងជំនួបពិភាក្សា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយ លោកYoonjong Chun អគ្គនាយកគោលនយោបាយពាណិជ្ជកម្មសេរី ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងសម្របសម្រួលដំណើរការចរចាកិច្ចព្រមព្រៀង RCEP ដើម្បីទប់ទល់ជាមួយវិបត្តិនានា ដែលកើតពីសង្គ្រាមពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី ក៏បានជម្រាបភាគីកូរ៉េ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយគាំពារវិនិយោគ និងកំណែទម្រង់ថ្មីៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា និងទាក់ទាញវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
ជាការឆ្លើយតប លោក Yoonjong Chun បានកោតសសើរអំពីវឌ្ឍនភាពរបស់កម្ពុជា ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោក អគ្គនាយក បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ មានទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា និងមានជំហរដូចរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងជំរុញឱ្យដំណើរការចរចាកិច្ចព្រមព្រៀង RCEP អាចបញ្ចប់ នៅត្រឹមចុងឆ្នាំ២០១៩នេះ។
សូមជម្រាបជូនផងដែរថា RCEP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏ធំ ចូលរួមដោយប្រទេសចំនួន១៦ គឺប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានចំនួន៦ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវ៉ែលហ្សេឡង់ ដែលមានប្រជាជនស្មើនឹងប្រមាណ ៤៥% នៃចំនួនប្រជាជនលើពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ៤០% នៃពាណិជ្ជកម្មពិភពលោក៕