រលំដើមឈើធំមួយដើមសង្កត់លើម៉ូតូកង់បី ឥណ្ឌា ខណៈកំពុងឈប់ស្តុប សំណាងល្អអ្នកបើកបររត់ចេញទាន់
ភ្នំពេញ៖ ដើមឈើធំមួយដើមបានរលំសង្កត់លើម៉ូតូកង់បីឥណ្ឌា ខណៈកំពុងឈប់ស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរបានស្ទុះចេញពីម៉ូតូទាន់ពេលវេលា។
ហេតុការណ៍អាក្រក់នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៩ ខែសីហាឆ្នាំ២០១៩វេលាម៉ោងប្រមាណ ៤និង៤០នាទីស្ថិតនៅតាមបណ្ដោយផ្លូវ២១៥នេរុហ៍ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ម្ចាស់ម៉ូតូកង់បីឥណ្ឌាដែលទទួលរងគ្រោះនេះត្រូវបានគេស្គាល់ ឈ្មោះ ណា រដ្ឋ ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួលក្រោយមន្ទីពេទ្យIU ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មិនបានរងរបួសនោះទេ ប៉ុន្តែម៉ូតូកង់បីដែលជាឆ្នាំងបាយរកស៊ីប្រចាំថ្ងៃបានទទួលរងការខូចខាតមើលស្ទើរមិនយល់។
ប្រភព ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា ពណ៌សពាក់ស្លាកលេខកណ្ដាល 1AC-9683 បានធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ស្តុបក្រហម ។ មួយសន្ទុះក្រោយមកភ្លើងស្តុបលោតភ្លើងខៀវវិញ អ្នកដំណើរនាំគ្នាធ្វើដំណើរជាធម្មតាស្រាប់តែឮសំឡេង ស្រិបៗ ជនរងគ្រោះក៏ក្រឡេកមើលមកស្ដាំដៃឃើញដើមឈើបាក់ ក៏ស្ទុះចេញពីម៉ូតូកង់បីហើយដើមឈើដល់ធំនេះក៏បានរលំមកសង្កត់ពីលើកង់បីរបស់គាត់តែម្តង បើរត់ចេញមិនទាន់ទេអាចនឹងបាត់បង់អាយុជីវិតមិនខានឡើយ។
ក្រោយពេលកើតហេតុ អាជ្ញាធរខណ្ឌទួលគោកបានធ្វើទំនាក់ទំនងទៅខាង មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដើម្បីកាត់មែកឈើនិងដើមឈឺចេញពីកន្លែងកើតហេតុភ្លាមដែរ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរដូចធម្មតាឡើងវិញ ។
បើតាមការបញ្ជាក់របស់លោក ឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកតាមប្រព័ន្ធwhats App ថាពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះខាងលើនេះ អាជ្ញាធរខណ្ឌទួលគោក ដើម្បីជួយសម្រួលលំបាកដល់ម្ចាស់កង់បីក៏បានចេញជាថវិកាមួយចំនួនអោយទៅម្ចាស់កង់បីផងដែរដើម្បីធ្វើការជួសជុលម៉ូតូកង់បីនេះឡើងវិញ៕