រយៈពេល១៤ឆ្នាំ EU ផ្តល់អាហារូបករណ៍កម្មវិធី Erasmus+ ដល់និស្សិត និងបុគ្គលិក ជិត១ពាន់នាក់
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EU) លោក George EDGAR បានឱ្យដឹងថា កម្មវិធី Erasmus+ បានផ្ដល់អាហារូបករណ៍ជាច្រើនប្រភេទដល់និស្សិតម្នាក់ៗ តាមរយៈកម្មវិធីសិក្សា ចល័តផ្ទេរក្រេឌីតជាអន្តរជាតិ មានបរិញ្ញាបត្រជាន់ខ្ពស់ចម្រុះសាកលវិទ្យាល័យ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាមួយនឹងការឧបត្ថម្ភ អាហារូបករណ៍ពេញលេញដល់និស្សិត និងបុគ្គលិកកម្ពុជា។
គិតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩ កម្មវិធី Erasmus+ ដែលទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុប បានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យនៅកម្ពុជាជាង៩០០នាក់ ឱ្យទៅបន្តការសិក្សា និងបណ្ដុះបណ្ដាល ឬ ធ្វើបាឋកថា នៅក្នុងប្រទេសសហភាពអឺរ៉ុប។
លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធី Erasmus+ ដែលជាកម្មវិធីផ្តល់អាហារូបករណ៍ឱ្យនិស្សិតទៅសិក្សា នឹងធ្វើការនៅសហភាពអឺរ៉ុប កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោក ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា បុគ្គលិកនិងនិស្សិត ដែលទទួលបានអាហារូបរណ៍ ពួកគេភាគច្រើន ទទួលបានអាហារូបករណ៍ តាមរយៈកម្មវិធីសិក្សាចល័ត ផ្ទេរក្រេឌីត ជាអន្តរជាតិ សម្រាប់រយៈពេលច្រើនបំផុត១២ខែ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបន្ថែមថា កម្ពុជាស្ថិតនៅខាងក្រោយឆ្ងាយជាងប្រទេសជិតខាង ជាពិសេសថៃ និងវៀតណាម បើគិតពីចំនួនពាក្យសុំអាហារូបករណ៍ និងអត្រាជោគជ័យ ដើម្បីទទួលបានបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចម្រុះសាកលវិទ្យាល័យ (Erasmus Mundus Joint Master Degree) ជាមួយនឹងការផ្ដល់អាហារូបករណ៍ពេញលេញពីកម្មវិធីនេះ។
លោកថា ទាក់ទិននឹងបញ្ហានេះថា ចាំបាច់ត្រូវមានការផ្សព្វផ្សាយព័ត៌មាន អំពីឱកាសអាហារូបករណ៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ហើយនេះ គឺជាមូលហេតុដែលប្រតិភូសហភាពអឺរ៉ុប សមាគមអតីតនិស្សិត Erasmus Mundus កម្ពុជាកំពុងធ្វើ។
លោក George EDGAR បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៩នេះ ក្រោមកម្មវិធីសិក្សាចល័តផ្ទេរក្រេឌីតជាអន្តរជាតិ Erasmus សហភាពអឺរ៉ុប បានផ្ដល់ថវិកាគាំទ្រដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យចំនួន៨៧ នាក់ ក្នុងនោះ បុគ្គលិកសាកលវិទ្យាល័យ៦៧នាក់ និងសិស្ស២០នាក់ ឱ្យទៅបន្តការសិក្សាទទួលបានការបណ្ដុះបណ្ដាល ឬ បង្រៀនរហូតដល់រយៈពេល ១២ខែ នៅតាមសាកលវិទ្យាល័យនាំមុខគេនៅអឺរ៉ុប ដូចជា នៅប្រទេស អូទ្រីស បារាំង អាល្លឺម៉ង់ អ៊ីតាលី លីទុយអានី ប៉ូឡូញ ព័រទុយហ្កាល់ រ៉ូម៉ានី អេស្ប៉ាញ ស៊ុយអែត និងតួកគី ជាដើម។
ស្របពេលជាមួយគ្នានេះដែរ ក៏មានបុគ្គលិកសិក្សាចំនួន៣៦នាក់ មកពីសាកលវិទ្យាល័យចំនួន២៣ មកពីប្រទេសចំនួន៨ ដែលចូលរួមក្នុងកម្មវិធីនេះ មកបង្រៀនរយៈពេល២ខែ ក្នុងសាកលវិទ្យាល័យចំនួន៧ នៅកម្ពុជា មានដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យ ហ្សាម៉ាន់ សាកលវិទ្យាល័យលីមកុកវីង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យអន្តរជាតិ ក្រោមគម្រោងកិច្ចព្រមព្រៀងភាពជាដៃគូរវាងសាកលវិទ្យាល័យ ដែលកំពុងបន្តអនុវត្តន៍នាពេលបច្ចុប្បន្ននេះ។
កញ្ញា ឡាយ ស៊ីវហួង ជានិស្សិត ដែលបានបញ្ចប់កាសិក្សាកម្មវិធីអាហារូបករណ៍ទៅសហភាពអឺរ៉ុបនិង កញ្ញា ហួរ ពៅរតនៈ ដែលទើបនិងទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចម្រុះសាកលវិទ្យាល័យ បានលើកឡើងដូចគ្នាថា ដើម្បីបានទទួលអាហារូបរណ៍នេះ វាពិតជាមិនងាយស្រួលនោះទេ ដើម្បីត្រៀមខ្លួនទទួលបានអាហារូបករណ៍នេះ ក្រៅពីពង្រឹងសមត្ថភាព ក្នុងការៀនសូត្រ ឱ្យបានពិន្ទុល្អនៅសាលាចាំបាច់ត្រូវមានការចូលរួមជាច្រើនជាមួយនឹងការងារសង្គម ដើម្បីឱ្យទទួលបានបទពិសោធន៍ ជាពិសេស ត្រូវមានសមត្ថភាព ផ្នែកភាសាអង់គ្លេសឱ្យបានច្រើន ដើម្បីទទួលបានការវាយតម្លៃ ឱ្យបានច្រើនផងដែរ៕