ទឹកជំនន់កំពុងបន្ដវាយប្រហារ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរត នគីរីដែលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៦៤៦គ្រួសារ
លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ រសៀលថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៩នេះមានប្រសាសន៍ថា ទឹកជំនន់កំពុងបន្ដវាយប្រហារ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរត នគីរីដែលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៦៤៦គ្រួសារ ត្រូវបានជន់លិច។ លោកទេសរដ្ឋមន្ដ្រី គន់ គីម ដែលកំពុងបំពេញការ ងារជួយពលរដ្ឋ បានអះ អាងថា ក្នុងចំណោមប្រជាពលរដ្ឋទាំង៦៤៦គ្រួសារ នៅឃុំសិរីមង្គល ដែលទឹកជំនន់វាយ ប្រហារនេះ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បានជាង២០០គ្រួសារ ដោយក្នុងចំណោមនោះភាគច្រើនជាកុមារ ចាស់ ជរា និងជនពិការ ។ លោក គន់ គីម បានបញ្ជាក់ថា នៅស្រុកកូនមុំ ខេត្ដរតនគិរី ទឹកបានលិច ទៅលើឃុំមួយ គឺឃុំសិរីមង្គល ដែលមានប្រជាជន៦៤៦គ្រួសារផ្ទះខ្លះលិចដល់ដំបូល ខ្លះលិចពាក់ កណ្ដា លត្រូវបានជម្លៀសចេញទៅទួលសុវត្ថិភាព បានជាង២០០គ្រួសារហើយ ក្នុងនោះមានក្មេងតូច ចាស់ ជរា ជនពិការ។ដែលពេលនេះ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូល ដ្ឋាន ប្រមាណ២៥០នាក់ បាននិងកំពុងសហការគ្នា ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដោយប្រើប្រាស់ទូកប្រ មាណ៥០គ្រឿងដើម្បីប្រមូលផ្ដុំត្រៀម ជម្លៀសប្រជាជន នៅពេលដែលទឹកកាន់តែជន់ឡើងខ្លាំង ហើយលិចដល់ដំបូលផ្ទះ ព្រោះថានៅពេលនេះផ្ទះខ្លះលិចពាក់កណ្ដាលទៅហើយ។ លោក ទេសរដ្ឋមន្ដ្រី គន់ គីម គូសបញ្ជាក់ថា សមត្ថកិច្ច និងអាជ្ញាធរ បានរៀបចំការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងរៀបចំធ្វើជាដំបូលសម្រាប់អ្នក ដែលត្រូវជម្លៀសមកកន្លែងសុវត្ថិភាព ខណៈពលរដ្ឋបានខ្លះកំពុងនៅកន្លែងសាលារៀន ខ្លះទៀតនៅផ្ទះសាច់ញាតិ។ លោក ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន នោះ បានអះអាងថា ដោយសារមានការជូនដំណឹងជាបន្ដបន្ទាប់ ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅស្រុកកូនមុំ ក៏មានភាពម្ចាស់ការលើខ្លួនឯងផងដែរ ដោយពួកគាត់បានត្រៀមសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងផ្ទះខ្លះត្រៀមទូកខ្លួនឯងផងដែរ។ លោកគន់ គីម លើកឡើងថា តាមការពិនិត្យ និងវាយតម្លៃឃើញថា ស្រូវនៅ ឃុំសិរី មង្គល ស្រុកកូនមុំនេះ ត្រូវបានលិចប្រមាណ១.៦៦១ហិកតា និងដីចំការប្រមាណ២៦៣ហិកតា ប៉ុន្ដែទំហំនៃការខូចខាតមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ទាល់តែទឹកស្រកវិញទើបដឹង។ លោកទេសរដ្ឋមន្ដ្រី គន់ គីម គូសបញ្ជាក់ថា ទឹកនៅស្រុកលំផាតបានស្រក៣សង់ទីម៉ែត្រ ប៉ុន្ដែអាជ្ញាធរ និងសមត្ថកិច្ចនៅតែបន្ដតាមដានទៀត ដើម្បីកំណត់ច្បាស់ថា ទឹកនោះដែលស្រកនឹងអាចឡើងបន្ដទៀតឬយ៉ាងណា ដើម្បីងាយស្រួលជម្លៀសប្រជាជនតាមបណ្ដាមូលដ្ឋានទៅទួលសុវត្ថិភាព។ លោកទេសរដ្ឋមន្ដ្រី កត់សម្គាល់ឃើញថា ទាំងអាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត រួមជា មួយអាជ្ញាធរមានសមត្ថកិច្ចបានសហការគ្នាយ៉ាងល្អ ហើយបានបំពេញការងារយ៉ាងដុតដៃដុតជើង ក្នុងនាមជាអ្នកបម្រើប្រជាជនដោយឥតលក្ខខណ្ឌ៕