ស៊ីដាច់ទូរស័ព្ទដៃស៊េរីទំនើប១គ្រឿងតម្លៃ ជិត១ពាន់ដុល្លារ ប៉ូលិសក្របួចជាប់
ភ្នំពេញ៖ក្រុមសមត្ថកិច្ចប៉ូលិសបានអោយដឹងថាដោយស្តីពីករណី រំលោភលើទំនុកចិត្ត (ទទួលផ្ញើទូរស័ព្ទដៃមិនយកឲ្យគេ) នៅចំណុចមុខផ្ទះលេខ៤ ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃ៩ខែសីហាឆ្នាំ២០១៩នេះ។
ជនរងគ្រោះឈ្មោះពុំ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យឈ្មោះឌៀន សាវង្ស ភេទ ប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តតាក់សុី ស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ចអោយដឹងទៀតថានាមុនពេលកើតហេតុជនរងគ្រោះបានយកទូរស័ព្ទដៃ០១គ្រឿង ម៉ាកOppo Find-X ពណ៌ទឹកសមុទ្រ តម្លៃ ៨៩០ដុល្លារ ដាក់ក្នុងប្រអប់រុំស្គុតប្លាស្ទិចពណ៌ លឿង មកផ្ញើជនសង្ស័យជាអ្នកបើករថយន្តតាក់សុី តម្លៃ៥០០០រៀលយកឲ្យបងប្អូននៅខេត្តស្វាយរៀង រួចជនសង្ស័យក៏យកទូរស័ព្ទពីជនរងគ្រោះទុក។ រហូតដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះទាក់ទងទៅសួរបងប្អូនប្រាប់ថា ពុំបានទទួលទូរស័ព្ទដៃនោះទេ រួចជនរងគ្រោះក៏ដើររកជនសង្ស័យ តែមិនឃើញ។ លុះដល់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩វេលា ម៉ោង១១និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួនសួរនាំ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕