កីឡានគរបាលជាតិកម្ពុជាដណ្តើម បានមេដាយបន្ថែមទៀត
ភ្នំពេញ៖ក្រុមកីឡារបស់អង្គភាពកីឡានគរបាលជាតិកម្ពុជាដណ្តើមមេដាយបន្ថែមទៀតហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Gamesនៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន ។
ពេលនេះកម្ពុជាប្រជែងបានមេដាយចំនួន១០គ្រឿងហើយដែលក្នុងនោះមេដាយមាសចំនួន៣គ្រឿងប្រាក់៣គ្រឿង និងមេដាយសំរិទ្ធចំនួន៤គ្រឿង ។
ប្រភេទកីឡាដែលដណ្ដើមបានមេដាយនោះមានប្រភេទកីឡាហែលទឹកបានមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ។ការប្រណាំងទូកនាគចម្ងាយ២០០ម៉ែត្រចំណុះ១០នាក់បានមេដាយមាស១គ្រឿង ។វាយកូនឃ្លីលើតុមេដាយសំរិទ្ធ ១គ្រឿង ចំបាប់បានមេដាយមាស ១គ្រឿងប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ។ប្រភេទកីឡាយូដៅបានមេដាយប្រាក់១គ្រឿង ។
ព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Games រៀបចំឡើងពីថ្ងៃទី១១ដល់១៨ សីហា ។
កីឡាករ កីឡាការិនីដែលដណ្ដើមបានមេដាយនោះមានមេដាយមាសដណ្តើមបានដោយកីឡាការិនី សុខ វរល័ក្ខណ៍ វិញ្ញាសាហែលកង្កែបចម្ងាយ១០០ម៉ែត្រ មេដាយសំរិទ្ធ កីឡាករ ចេង សុផាវិញ្ញាសាហែលកង្កែបចម្ងាយ១០០ម៉ែត្រ និងកីឡាករ ធឿន ចាន់ថុល ប្រជែងបានមេដាយ សំរឹទ្ធ មួយគ្រឿង លើប្រភេទកីឡាហែលទឹក ក្នុងវិញ្ញាសារ ហែលផ្ងារ ចម្ងាយ ៥០ម៉ែត្រ។
កីឡាវាយកូនឃ្លីលើតុកីឡាករសឺន តុលានឹងកីឡាករឡាយ ភក្តីបានដណ្តើមមេដៃសំរិទ្ធ ១ គ្រឿងលើវិញ្ញាសាគូរបុរស។ក្រុមកីឡាចំបាប់កាច់ដៃរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជាដណ្ដើមបានមេដាយចំនួន៤គ្រឿងក្នុងនោះមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ចំណែកកីឡាយូដូដណ្តើមមេដាយប្រាក់១គ្រឿង។
សូមរំឭកថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៩៦រូប និងកីឡាចំនួន១២ប្រភេទ រួមមាន ៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និង ប្រណាំងទូក ៕