ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ទំនប់ប្រទាក់ក្រឡា​ ស្ថិតក្នុងស្រុកទឹកឈូ ប៉ះពាល់ប្រជាពលរដ្ឋបួនឃុំ

198


កំពត៖ ដោយសារជំនន់ទឹកភ្លៀងជន់ជោរខ្លាំងហួសប្រមាណ បណ្តាលឲ្យអាងទំនប់ទឹកប្រទាក់ក្រឡាក្នុងស្រុកទឹក​ទឹកឈូ ខេត្តកំពត បាន​បាក់ ប្រវែង២០ម៉ែត្រ ដែលបណ្ដាលឲ្យផ្ទះពលរដ្ឋ និងដំណាំរងការជន់លិចខ្លាំង និង​រង​ការខូចខាត នៅក្នុង​ឃុំ​៤ រួមមាន ឃុំ​កូន​សត្វ ឃុំ​កំពង់​គ្រែង ឃុំ​ម៉ាក់​ប្រាំង និង ឃុំ​ស្ទឹង​កែវ​។

បើតាមការផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពត នៅថ្ងៃអាទិត្យទី 11 សីហានេះ ថ្នាក់ដឹកនាំខេត្ត ចុះពិនិត្យស្ថានភាពបាក់ទំនប់ប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ​ ស្រុកទឹកឈូ។ នៅព្រឹកថ្ងៃអាទិត្យ​ ១១កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩​ លោកជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ ដឹកនាំសមត្ថកិច្ចជំនាញ​ អាជ្ញាធរស្រុក​ ចុះពិនិត្យស្ថានភាពបាក់ទំនប់ប្រទាក់ក្រឡា​ ស្ថិតក្នុងភូមិកូនសត្វ​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ដែលបានបាក់នៅវេលាម៉ោង៥ព្រឹកនេះ​។

ក្រោយពីទទួលបានព័ត៌មានខាងលើ គណ:បញ្ជាការឯកភាពខេត្ត និងស្រុក បានចុះផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងត្រៀមជម្លៀសប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព។

​លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹ​ឈូ​ ប្រាប់សារព័ត៌មានក្នុងស្រុកថា ទំនប់ទឹកប្រទាក់ក្រឡា បានបាក់កាលពីព្រឹកថ្ងៃទី១១សីហា ហើយ​មកដល់​រសៀល​នេះ បាក់​ប្រមាណ​ជាង​២០​ម៉ែត​។ ឃុំ​៤​ក្នុងស្រុក​ទឹកឈូ ត្រូវបានទឹកលិចខ្លាំង ហើយ​ពលរដ្ឋ​និង​ដំណាំ​ជាច្រើន​ត្រូវ​ជន់​លិច​។ ជន់​លិច​ដោយសារ​បាក់​ទំនប់​នេះ បាន​ហូរ​ទៅ​កែប​ដែល​ បង្កឲ្យតំបន់មួយចំនួន កំពុងរងការជន់លិច។ នៅ​រសៀល​ថ្ងៃទី​១១​សីហា​នេះ អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ និងជួយប្រជាពលរដ្ឋ។

​ផ្ទះ​ពលរដ្ឋ មាន​ជាង​៣​ពាន់​គ្រួសារ និង​ដំណាំ​ស្រូវ​ជិត​៣០០​ហិកតា ក្នុងស្រុក​ទឹកឈូ ស្រុក​កំពង់ត្រាច និង​ក្រុង​កំពត បាន​រង​ការ​លិច​ទឹក រួមទាំង​ផ្លូវ​ប្រមាណ​៣០​ខ្សែ​។ នេះ​បើតាម​របាយការណ៍​ កាលពីថ្ងៃទី១០សីហា របស់​រដ្ឋបាល​ខេត្តកំពត​។​

នារសៀលថ្ងៃសៅរ៍​ ថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០១៩​លោក ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត ននិងលោក ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំកម្លាំងសមត្ថកិច្ច​ មន្ទីរ​ អង្គភាពជំនាញ​ ក្រុង​ ស្រុក​ ជិះទូកពិនិត្យមេីលស្ថានភាពទឹក​ និងបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង​ នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ​ និង ភូមិបឹងព្រះ ឃុំកំពង់គ្រែង ខេត្តកំពត។

ក្នុងដំណេីរត្រួតនិនិត្យអំពីស្ថានភាពទឹកនេះ​ ក្រុមការងាររបស់ខេត្តបាន​ជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ​ ហេីយលោកអភិបាលខេត្ត បានពាំនាំមកនូវការផ្តាំផ្ញេីសាកសួសុខទុក្ខ​ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង​។ ឯកឧត្តមបានបញ្ជាក់ថាសម្តេចទាំងទ្វេរតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ​ ដោយមិនទុកអោយបងប្អូនជួបការលំបាកដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ​ និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ឡេីយ។

លោករួមជាមួយក្រុមការងារបាននាំមកជាមួយនូវគ្រឿងឧបភោគ​ បរិភោគមួយចំនួនដេីម្បីចែកជូនដល់បងប្អូនរងគ្រោះ​ ដេីម្បីជួយសម្រួលនូវទុក្ខលំបាក​ ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះមានដូចជាមី៦៧កេះ​ ត្រីខ១០០យួរ​ ស្មេី១០០០កំប៉ុង​ និងថវិកា៥០០,០០០៛។ ឯកឧត្តមក៏បានផ្តាំផ្ញេីដល់បងប្អូនត្រូវបង្កេីនការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព​ ពិសេសរក្សានូវអនាម័យ​ ព្រោះគ្រោះទឹកជំនន់កេីតឡេីងតែងបង្ករអោយមានជាជំងឺអាសន្តរោគផ្សេងៗ​ ហេីយម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ​ មិនត្រូវបណ្តោយឲ្យលេងទឹក​ ឬនៅឆ្ងាយពីអាណាព្យាបាលឡេីយ។

សូមជម្រាបថា​ ដោយកត្តាអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ នៅព្រះរាជាណាចក្រកម្ពុជា​ ទទួលរងនូវឥទ្ធិពលព្យុះ​ ជាបន្តបន្ទាប់​ ក្នុងនោះខេត្តកំពតក៏បានទទួលរងនូវឥទ្ធិពលនៃបាតុភូតធម្មជាតិ​នេះដែរ ដោយបង្ករឲ្យមានភ្លៀងជាប់ៗគ្នា​ បណ្តាលឲ្យកេីតមាននូវជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពត។

​ក្រៅពី​ខេត្តកំពត នៅមាន​ខេត្ត​ព្រះសីហនុ ខេត្តរតនគិរី និង​បណ្តា​ខេត្ត​មួយចំនួនទៀត ដែល​នៅ​តំបន់​សមុទ្រ ក៏​រង​ការយាយី​ដោយ​គ្រោះទឹកជំនន់​ផងដែរ​។ សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង រីឯ​ទ្រព្យសម្បត្តិ​របស់របរ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ជាច្រើន​រង​ការខូចខាត​៕

អត្ថបទដែលជាប់ទាក់ទង