គ្រូពេទ្យភូមិម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តឧត្ដរមានជ័យ ឃាត់ខ្លួន ក្រោយពីព្យាបាលស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់
ឧត្ដរមានជ័យ៖ លោកគ្រូពេទ្យចាក់ថ្នាំព្យាបាលជំងឺប្រជាពលរដ្ឋតាមភូមិម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តឧត្ដរមានជ័យ ឃាត់ខ្លួនក្រោយពីព្យាបាលស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ ឈូក ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅ ភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ចំណែកជនសង្ស័យឈ្មោះ សឿង ប៊ុនរិទ្ធ អាយុ ៦១ឆ្នាំ រស់នៅភូមិ/ឃុំ ជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ សីហា វេលាម៉ោង ១រសៀល ឪពុកម្ដាយជនរងគ្រោះ បានហៅគ្រូពេទ្យម្នាក់ចាក់ថ្នាំតាមភូមិក្នុងមូលដ្ឋាន ឲ្យមកមើលព្យាបាលជំងឺកូនរបស់ខ្លួន ដែលមានជំងឺទាស់សរសៃ ដោយគ្រូពេទ្យរូបនោះ បានដាក់សេរ៉ូមមួយកំប្លោក ឲ្យជនរងគ្រោះ លុះម៉ោងប្រហែល៤រសៀល ក៏អស់សេរ៉ូម។ បន្ទាប់មកនៅម៉ោង៦ល្ងាចជនសង្ស័យបានឲ្យអ្នកជំងឺលេបថ្នាំចំនួន៣មុខផ្សេងគ្នា លុះមកដល់ម៉ោង៧និង៤៥នាទី អ្នកជំងឺបានប្រកាច់ស្លាប់តែម្ដង។
បន្ទាប់ទទួលព័ត៌មាននេះ មន្ទីរសុខាភិបាលខេត្ត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យបច្ចេកទេស ក្នុងការព្យាបាលរកឃើញថាជនសង្ស័យ ប្រកបរបរដើរចាក់ថ្នាំក្នុងភូមិពុំមានសញ្ញាប័ត្របញ្ជាក់ថាមានវិជ្ជាជីវៈជាពេទ្យនោះទេ និងពុំមានអាជ្ញាប័ណ្ណ ពីក្រសួង ឬពីមន្ទីរសុខាភិបាលនោះហើយសមត្ថកិច្ចបានចាប់ខ្លួនគ្រូពេទ្យរូបនោះ។
អ្នកជំងឺស្លាប់បណ្តាលមកពីការប្រើប្រាស់ថ្នាំ Glugose និង Vitamin Becom-plex ដែលមានសារធាតុB1 លើសចំណុះ បណ្តាលឲ្យប្រតិកម្ម និងធ្វើឲ្យជាតិស្ករឡើងខ្លាំង។ ដោយមានការសម្របសម្រួល ក្នុងកិច្ចប្រតិបត្តិការពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ១១ សីហា។ បច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕