មនុស្សស្លាប់ ៤៤នាក់នៅចិន ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Lekima
ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Lekima បានសម្លាប់មនុស្សចំនួន ៤៤នាក់ និងបណ្តាលឲ្យ ១៦នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងខេត្តចំនួន ២ ក្នុងប្រទេសចិន។
រហូតមកដល់ព្រឹកថ្ងៃច័ន្ទនេះ ចំនួនអ្នកស្លាប់នៅក្នុងខេត្ត Zhejiang បានកើនដល់ ៣៩នាក់ ខណៈ ៩នាក់បាត់ខ្លួន។ នេះបើតាមស្ថាប័នគ្រប់គ្រងទឹកជំនន់របស់ខេត្តនេះ។
Lekima ដែលជាព្យុះទីហ្វុងទី៩ និងខ្លាំងបំផុត ក៏បណ្តាលឲ្យប៉ះពាល់ដល់មនុស្សជិត ៧លាននាក់ផងដែរ នៅក្នុងខេត្ត Zhejiang ហើយក្នុងចំណោមនោះ មានមនុស្ស ១,២៦លាននាក់ត្រូវបានជម្លៀសចេញ។ វាបានបំផ្លាញដំណាំជាង ២សែនហិកតា និងធ្វើឲ្យប្រទេសខាតបង់ប្រាក់ចំនួន ៣,៤ពាន់លានដុល្លារ។
ព្យុះកំណាចនេះ បានបោកបក់មកលើខេត្ត Zhejiang នៅម៉ោងជាង ១ព្រឹកថ្ងៃសោរិ៍ និងបានបោកបក់ម្តងទៀតនៅម៉ោងជិត ៩យប់ ថ្ងៃអាទិត្យ។
ចំណែកនៅខេត្ត Shandong ព្យុះខាងលើធ្វើឲ្យមនុស្សស្លាប់ ៥នាក់ និងបាត់ខ្លួន ៧នាក់។ ប្រជាជនចំនួន ១,៦៦លាននាក់ក្នុងខេត្តនេះ រងផលប៉ះពាល់៕