ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅកម្ពុជា

55

នៅព្រឹកថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកហ៊ីដេហ៊ីហ្សា បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកនឹងចាកចេញពីរាជធានីភ្នំពេញនៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជា​ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។ លោកបានសម្តែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឯកឧត្តមបានសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូត នៅរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះលោកបានសូមគោរពសំដែងនូវការគោរពនិងកោតសរសើរដល់វីរភាពនៃការដឹកនាំរបស់សម្ដេចតេជោ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក ហ៊ីដេហ៊ីហ្សា ចំពោះកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលកន្លងមកនេះ។ សម្ដេចបានមានប្រសាសន៍ថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះសោតគឺទទួលបានអំពីការប្រឹងប្រែងរបស់​ លោកអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ , ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន ៤៤០លានដុល្លារតែប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាយើងចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។

ដោយឡែកនៅឆ្នាំ ២០១៨កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លាអាមេរិក។ នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក​ នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះសម្ដេចតេជោបានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មី របស់លោកទៅកាន់ប្រទេសហូឡង់បានទទួលជោគជ័យបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង