ហាងបញ្ចូលហ្គាសមួយត្រូវភ្លើងឆេះទាំងស្រុង ខូចខាតម៉ូតូ និងរថយន្ត ៣គ្រឿង
សៀមរាប៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១៣:៣០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានករណីផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
លោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងថា រាយការណ៍បឋម ការខូចខាតហាងបញ្ចូលហ្គាសមួយទាំងស្រុង ម៉ូតូចំនួន២គ្រឿង រថយន្តដឹកហ្គាសចំនួន ១គ្រឿង សមត្ថកិច្ចយើងអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងការអន្តរាគមន៍ពន្លត់ ពេលនេះសមត្ថកិច្ចយើងគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ៕