ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទលួចទូរស័ព្ទ

55


(បន្ទាយមានជ័យ)៖
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ២០ និង ០០នាទី នៅចំណុចទល់មុខកន្លែងលក់រថយន្ត ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច(ទូរស័ព្ទ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ពឿយ ស្រីកែវ ភេទ ស្រី អាយុ ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅយប់កើតហេតុ ខ្លួនបានជិះម៉ូតូតាមបណ្តាយផ្លូវលំម្តុំស្តង់តាងួន លុះជិះដល់ចំណុចកន្លែងលក់រថយន្ត ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ តាមពីក្រោយស្របទិសគ្នា ពេលជិះមកក្បែរក៏លូកដៃមកឆក់យកទូរស័ព្ទពីក្នុងហោប៉ៅក្រោយរបស់ខ្លួន ហើយក៏ជិះរត់គេចទៅ ពេលនោះខ្លួនបានស្រែកឆោរឡោឲ្យគេជួយ មួយសន្ទុះក្រោយមកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនជននោះបានភ្លាមៗ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលដំណឹងថាមានករណីចោរឆក់ កម្លាំងកងរាជអាវុធហត្ថដែលនៅក្បែរនោះ បានចុះជួយអន្តរាគមន៍ដេញចាប់ប្រផាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង ចំនួន ០១នាក់ ឈ្មោះ ទីន ប៊ុនថៃ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមជាមួយ និងម៉ូតូ ០១គ្រឿង ម៉ាក Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ដែលជនសង្ស័យប្រើប្រាស់ជាមធ្យោបាយសម្រាប់ឆក់ទូរស័ព្ទតាមដងផ្លូវ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទនៅតាមដងផ្លូវពិតប្រាកដមែន លើកចុងក្រោយពេលឆក់ទូរស័ព្ទពីនារីម្នាក់ នៅមុខចំណុចកន្លែងលក់រថយន្ត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(ទូរស័ព្ទ) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកទូរស័ព្ទ កម្លាំងជំនាញបានធ្វើការប្រគល់ជូនដល់ជនរងគ្រោះវិញ ។

អត្ថបទដែលជាប់ទាក់ទង