នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនជនសង្ស័យ នួន វ៉ា ទៅតុលាការ
ភ្នំពេញ ៖ នៅថ្ងៃទី១៥ សីហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា គ្រោងនឹងបញ្ជួនជនសង្ស័យម្នាក់ ឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទៅតុលាការ ក្រោយសកម្មភាពប្រើប្រាស់បច្ចេកវិទ្យាបោកប្រាស់អ្នកដទៃ ។
ជនសង្ស័យ ឈ្មោះ នួន វ៉ា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីព្រះរាជរងអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ បានឃាត់ខ្លួនត្រង់ចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យ រូបនេះ បានបង្កើតគណនីក្លែងក្លាយ ឆបោកជំរិតទារប្រាក់អ្នកដទៃ និងប្រើឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីទៅគំរាមកំហែងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ ។
ជនសង្ស័យបានសារភាពនូវទោសកំហុសដែលខ្លួនបានប្រព្រឹត្ត និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងបញ្ជូនទៅតុលាការនៅថ្ងៃទី១៥ សីហានេះ ។
លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់បណ្តាញសង្គមឲ្យមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង សន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ អ្នកដែលស្គាល់ត្រូវបញ្ជាក់ច្បាស់មុននឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួនដូចជារូបភាពបុគ្គលដោយការលួងលោមមនោសញ្ចេតនាណាមួយ ឬផ្តល់លុយកាក់ជាថ្នូរនឹងអ្វីមួយឡើយ ចៀសវាងការចាញ់បោក នាំឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ៕