ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណ:ប្រតិភូថៃ បំពេញទស្សនកិច្ចខេត្តព្រះសីហនុ

38

ខេត្តព្រះសីហនុ: គណ:ប្រតិភូ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយឯកឧត្តម ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ អញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃពុធទី១៤ ខែសីហា ឆ្នាំ២០១៩ ។
លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ជម្រាបជូនពីសក្តានុពលខេត្តព្រះសីហនុមានកោះ៣២ ផ្លូវជាតិសំខាន់២ គឺផ្លូវជាតិលេខ៤ និងលេខ៣ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ហើយថ្មីៗនេះកំពុងជម្រុញពង្រីកបន្ថែម មានផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ និងភ្ជាប់មកខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានមុខងារជាខេត្តទេសចរណ៍ ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ មានអ្នកវិនិយោគចិនមកវិនិយោគនៅខេត្តព្រះសីហនុច្រើនជាងគេ បានប្រែក្លាយខេត្តជាតំបន់សេដ្ឋកិច្ចពហុមុខងារ ។
លោក អភិបាលខេត្តបន្តថា បច្ចុប្បន្នសំណង់មានការកើនឡើងបំរើឱ្យការអភិវឌ្ឍ ធ្វើឱ្យមានលំហូរចូលមនុស្សក្នុងស្រុក និងមកពីបរទេស ខេត្តមានការប្រែប្រួលយ៉ាងឆាប់រហ័ស ទន្ទឹមនិងការអភិវឌ្ឍរីកចម្រើន ក៏មានភាពស្មុគស្មាញធ្វើឱ្យមានការខូចខាតផ្លូវ ដោយសារកំណើនយាន យន្តដឹកជញ្ជូនធ្ងន់ បណ្តាលខូចខាតផ្លូវថ្នល់ រួមផ្សំកាលពីថ្ងៃទី៨ សីហាកន្លងមកភ្លៀងធ្លាក់ជាប់គ្នា បណ្តាលធ្វើឱ្យក្រុងរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ កម្ពុជាធ្លាប់មានសង្គ្រាមរាប់សិបឆ្នាំធ្វេីអោយយើងចងចាំទុកសម្រាប់ប្រជាជនកម្ពុជា ។ ដោយសារសម្តេចតេជោ ហ៊ុនសែន ជាស្ថាបនិក ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ហើយកម្ពុជាមានមោទន:ភាពមានសន្តិ ភាពពេញលេញ និងអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានយោធាបរទេសនៅលើទឹកដីកម្ពុជា ។ បច្ចុប្បន្នប្រទេសទាំងពីរ កម្ពុជា- ថៃ មានទំនាក់ទំនងស្អិតរមួតក្នុងកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះ រដ្ឋបាលខេត្តបានបញ្ជូនគណ:ប្រតិភូ ទៅចូលរួមប្រជុំនៅប្រទេសថៃ ដើម្បីទាក់ទាញតភ្ជាប់ទេសចរឆ្លងកាត់ ស្នាក់នៅរវាងកម្ពុជា-ថៃ និងវៀតណាម ។
លោក ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណអភិបាលខេត្ត ដែលអនុញ្ញាត្តឱ្យគណ:ប្រតិភូឯកឧត្តម ចូលជួបពិភាក្សា ប្រទេសថៃ-កម្ពុជាមានចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការយូអង្វែង ម្យ៉ាងទៀតប្រជាជននៅតាមព្រំដែន នៃប្រទេសទាំងពីរ មានការដោះដូរពាណិជ្ជកម្មពីគ្នាទៅវិញទៅមក។ គោលនយោបាយកម្ពុជារឹងមាំធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនប្រកបដោយជោគជ័យ ឯកឧត្តម សង្ឃឹមថា នៅរយ:ពេល ២ ឬ៣ឆ្នាំខាង មុខ កម្ពុជានិងបោះជំហានរីកចម្រើនបន្ថែមទៀត នឹងក្លាយជាមហានគរ មានភាពស៊ីវីល័យនៅតាមកន្លែងកម្សាន្ត ព្រោះខេត្តព្រះសីហនុមានឆ្នេរស្អាត និងក្លាយជារមនីយដ្ឋានស្អាត ។
លោក បានបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗរីកចម្រើននឹកស្មានមិនដល់ នៅពេលខាង មុខមានទេសចរឆ្លងកាត់ស្នាក់នៅ ប្រទេសទាំងបីក្នុងតំបន់មានថៃ-កម្ពុជា- វៀតណាម កាន់តែច្រើនបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង