ស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ នៅខេត្តសៀមរាប ដែលផ្ទុះឆេះ គ្មានច្បាប់អនុញ្ញាត
សៀមរាប៖ បន្ទាប់ពីមានឧបទ្ទវហេតុនៃការផ្ទុះស្ថានីយបញ្ចូលឧស្ថ័នឥន្ធនៈ (LPG) នៅខេត្តសៀមរាប បណ្តាលឲ្យមានអ្នករបួស១៣នាក់ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា ស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ ដែលបានផ្ទុះឆេះដ៏រន្ធត់ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប គឺពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង និងអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ក្នុងការសាងសង់ និងធ្វើអាជីវកម្មបញ្ចូលឧស្ម័ននោះទេ ហើយក្រសួងរ បាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវលើករណីនេះបន្ថែមទៀត។
ក្រសួងរ៉ែ និងថាមពល ក៏សូមណែនាំដល់សាធារណជនថា ការប្រកបអាជីវកម្មបើកដំណើរការស្ថានីយប្រេង ជាពិសេសឧស្ម័នឥន្ធនៈ ( LPG ) ត្រូវតែមានវិជ្ជាជីវៈ បច្ចេកទេសសុវត្ថិភាពឲ្យបានច្បាស់លាស់ត្រឹមត្រូវ ហើយតម្រូវឲ្យមានច្បាប់អនុញ្ញាតពីក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធ ចៀសវាងការបង្កឲ្យមានហានិភ័យគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃបែបនេះ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍ផ្ទុះឆេះស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ មួយដ៏រន្ធន់ បានកើតឡើង នៅតាមបណ្តោយផ្លូវលោកតានើយ ខេត្តសៀមរាប បានបង្កឲ្យមានគ្រោះថ្នាក់ និងរបួសដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះ សរុប ១៣នាក់ ដោយមានជនបរទេស ២នាក់។ ក្នុងនោះ មានប៉ូលិសម្នាក់ ដែលបានចូលជួយសង្គ្រោះ ក្នុងហេតុការណ៍នោះ ក៏បានរងរបួសរលាកខ្លួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសថៃ៕