ហួសចិត្ត! គ្រោះថ្នាក់បែបនេះមិនមែនជាករណីចៃដន្យឡើយដាច់កន្ទុយសណ្ដោងក្រោយរថយន្តដឹកទំនិញកុងតឺន័រមួយគ្រឿង ម៉ាកHINO របស់ក្រុមហ៊ុនដែលមានលេខសម្គាល់ 295 លើផ្លូវជាតិលេខ៤
កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខPK 38+600 ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង រថយន្ដមួយគ្រឿង ម៉ាក HINO ក្បាលពណ៌ខៀវ លាយលឿង ពាក់ផ្លាកលេខភ្នំពេញ3A-9709 សណ្ដោងសឺមីរឺម៉ក ពាក់ផ្លាកលេខភ្នំពេញ4A-0085 ផ្ទុកកុងទីន័រ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅក្រុមហ៊ុនដឹកជញ្ជូនលុះមកដល់ចំណុចខាងលើបានដាច់សឺមីរឺម៉កចេញពីក្បាលធ្លាក់មកលើផ្លូវជាតិ អូសចំងាយប្រមាណប្រវែង៣០ម៉ែត្រ ប៉ុន្តែមិនបង្កឲ្យរងរបួសដល់មនុស្សទេ។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍ខេត្ដ បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមករថយន្ដសណ្ដោងរឺម៉កនេះ មិនត្រួតពិនិត្យបច្ចេកទេសមុនចេញដំណើរចំណុចខ្វះខាតគឺគន្លឹះធ្ពក់នោះមិនបានចូលញាំពេញលេញ (មិនរលាស់ពេលអូសយូរទៅក៏គាំង គាប់ជួនផ្លូវមានរលកក៏ផ្ទាត់ហើបចេញតែម្ដង ព្រោះសឺមីរឺម៉កផ្ទុកទំនិញធ្ងន់)
បច្ចុប្បន្នកម្លាំងនគរបាលចរាចរណ៍ខេត្ដបានធ្វើការបញ្ជូនរថយន្ដ និងសឺមីរឺម៉កមកការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុនចូលមកដោះស្រាយ និងអនុវត្ដន៍តាមគោលការណ៍ច្បាប់ដោយមិនលើកលែង។
ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានសំណូមពរ ដល់ថៅកែរថយន្ត គួរតែពិនិត្យរឿងបច្ចេកទេសយានយន្ដ និងតៃកុងឡានផង ព្រោះអ្នកខ្លះមិនយកចិត្ដទុកដាក់លើវិធានការការពារសុវត្ថិភាពចរាចរណ៍ទេ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអនាគតកម្ពុជា៕