ចាប់ខ្លួនឧកញ៉ា គង់ ក្រឹង និងបក្ខពួកម្នាក់ពាក់ព័ន្ធជំនួញបទល្មើសព្រៃឈើ
ខេត្តក្រចេះ ៖លោកអេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត។
អ្នកនាំពាក្យ បានបញ្ជាក់ថា “ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត។
យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស”។
មេឈ្មួញឈើប្រចាំស្រុកស្នួលខេត្តក្រចេះ ឧកញ៉ា គង់ ក្រឹង ព្រមទាំងមនុស្ស៦នាក់ទៀត ក្នុងនោះ រួមមានកូនប្រុស១នាក់ និងមេកា៥នាក់ បានចូលខ្លួនឆ្លើយបំភ្លឺនៅទីបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ សីហា នេះ ពាក់ព័ន្ធជំនួញបទល្មើសព្រៃឈើ ។
នេះជាការចូលខ្លួនមកបំភ្លឺរបស់លោកឧកញ៉ា គង់ ក្រឹង ដែលកន្លងមកត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធនឹងជំនួញឈើខុសច្បាប់ និងមានទីតាំងសិប្បកម្មកែច្នៃឈើដ៏ធំ នៅជាប់ព្រំដែនត្រពាំងស្រែ ក្នុងស្រុកស្នួល ទៅតាមលិខិតរបស់លោកឧត្តមសេនីយ៍ ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានចេញលិខិតកាលពីដើមខែសីហា។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីវេលាថ្ងៃត្រង់ទី៥ ខែសីហា កន្លងទៅ បានដឹកនាំកម្លាំងជាច្រើននាក់បង្ក្រាបបទល្មើសព្រៃឈើរបស់ឧកញ៉ាគង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ នៅក្បែរព្រំដែនវៀតណាម។