ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​ធ្វេស​ប្រហែស​របស់​អ្នក​ដឹក​សំរាម​ បណ្តាល​ឲ្យ​អ្នក​ជំនាញ​ពន្លត់​អគ្គីភ័យ​ម្នាក់​បាន​ស្លាប់​នៅ​លើ​ដងផ្លូវ​ គួរ​ឲ្យ​សោក​ស្តាយ​

65

ខេត្តព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ ភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​ម្នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ នៅ​លើ​ដងផ្លូវ​ ផ្លូវ​ជាតិ​លេខ​៤​ នៅ​ចំ​ណោត​អូរ​ត្រាវ​ សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ ដោយសារ​តែ​រថយន្ដ​ដឹក​សំរាម​មួយ​គ្រឿង​ដែល​ខូច​ ហើយ​ចត​នៅ​លើ​ដងផ្លូវ​ មិន​បាន​ដាក់​ស្លាក​សញ្ញា​ឲ្យ​អ្នក​ធ្វើ​ចរាចរណ៍​បានឃើញ​នៅ​ពេល​យប់​។
ករណី​នេះ​ កើតហេតុ​ឡើង​ នៅ​វេលា​ម៉ោង​២៣​:៣០​នាទី​ ក្នុង​រាត្រី​ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៩​ ក្នុង​ពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូម៉ាក XR230 ពណ៌ស-ក្រហម ផ្លាកលេខ ភ្នំពេញ1HK-6543 ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ពេល​យប់​ ពី​ក្រុងព្រះសីហនុ​ ទៅ​ព្រលាន​យន្តហោះ​កងកេង​ បាន​បុក​ពីក្រោយ​រថយន្ត​ដែល​ឈប់ចត​ នៅ​ពេល​យប់​ គ្មាន​ដាក់​ស្លាក​សញ្ញា​ បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ នៅ​កន្លែង​កើតហេតុ​ នៅ​លើ​ទ្រូងផ្លូវ​តែម្តង​(មាន​ពាក់​មួក​ការពារ​)។
ជនរងគ្រោះ​ឈ្មោះ ញុល សារឿន ភេទប្រុស អាយុ ២៩ឆ្នាំ ធ្វើ​ការ​នៅ​ព្រលាន​យន្តហោះ​កងកេង​ខេត្ត​ព្រះសីហនុ​ មុខ​ជំនាញ​ខាង​ពន្លត់​អគ្គីភ័យ​ មានទីលំនៅភូមិ១សង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុ ។
រថយន្តដឹកសម្រាម ម៉ាក HYUNDAI ពណ៌ ទឹកសមុទ្រ គ្មានផ្លាក​លេខ​ កម្មសិទ្ធរបស់ក្រុមហ៊ុន​ដឹក​សំរាម​ KSWM មានទីតាំងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាង រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងសមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង