មន្រ្តីស្រីម្នាក់នៅមន្ទីរសាធារណការខេត្តសៀមរាប អស់តំណែង ដោយសារយកជើងចង្អុលផ្លាកលេខរថយន្ត
សៀមរាប៖ បន្ទាប់ពីគណនីយហ្វេសប៊ុកមួយ ដែលបានបង្ហោះរូបភាពមន្រ្តីស្រ្តីម្នាក់ ដែលបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលបង្ហាញពីឥរិយាបទ មិនសមរម្យយកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសផ្ទេរភារកិច្ចមន្ត្រីឈ្មោះ “ស៊ីម សុផាត” ចេញពីមុខងារជា មន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់។
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសផ្ទេរភារកិច្ចមន្ត្រីឈ្មោះ “ស៊ីម សុផាត” ចេញពីមុខងារជា “មន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់” ទៅជា “មន្ត្រីរដ្ឋបាលទូទៅ“ ដោយសារតែមន្ត្រីរូបនេះបានប្រព្រឹត្តិ នូវកំហុសឆ្គង តាមរយៈការប្រើប្រាស់ អាកប្បកិរិយា មិនសមរម្យ ក្នុងពេលផ្តល់សេវា ជូនប្រជាពលរដ្ឋ។
ក្រសួងបានបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបប្រទះនឹងការផ្តល់សេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមអាកប្បកិរិយាមិនសមរម្យ របស់មន្ត្រីយើងខ្ញុំនោះ សូមមេត្តារាយការណ៍ដោយភ្ជាប់ជាមួយ នឹងឈ្មោះមន្ត្រី អត្តលេខ ពេលវេលាកើតហេតុ ទីតាំងផ្តល់សេវា រូបភាព វីដេអូ និងភស្តុតាងផ្សេងៗ ដើម្បីយើងខ្ញុំពិនិត្យ ចាត់វិធានការតាមនីតិវិធី។
បណ្តាញសង្គមបានរិះគន់ថា “ចរឹតមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រឡាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនស័ក្តិសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14 ខែសីហា ឆ្នាំ2019″។
ចំណែកលោកវីល្លាម បានសរសេរលើហ្វេសប៊ុកថា ” ចរឹតរបៀបនេះហើយដែលចេះតែនាំឲ្យរាស្ត្រក្ដៅក្រហាយ សូមផ្លាស់ប្ដូរឥរិយាបថមិនត្រឹមត្រូវរបស់អ្នកក្នុងការបំពេញមុខងារសាធារណៈ ! ប្រសិនជាអ្នកគិតថាអ្នកជាចៅហ្វាយ សូមលាឈប់ពីការងារចុះ ព្រោះ មន្ត្រី ជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ សូមមន្ត្រីនានាកុំយកតម្រាប់តាមមន្ត្រីរូបនេះ ។ នេះជារូបភាពមន្ត្រីសាធារណៈការខេត្តសៀមរាប”៕