ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករដ្ឋមន្ត្រីអប់រំ ស្នើឲ្យបេក្ខជនប្រឡងបាក់ឌុប គោរពតាមបទប្បញ្ញត្តិរបស់ក្រសួង

41

ភ្នំពេញ៖ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 និងទី 20 ខែសីហា ឆ្នាំ 2019 លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចេញសារអំពាវនាវដល់ បេក្ខជនប្រឡងទាំងអស់ គោរពតាមបទប្បញ្ញត្តិរបស់ក្រសួង និងសូមមេត្តាទៅពិនិត្យមើលឈ្មោះទាំងអស់គ្នា ដើម្បីរកលេខតុ និងលេខបន្ទប់ នៅតាមមណ្ឌលឲ្យហើយ ដើម្បីចៀសវាងនូវថ្ងៃស្អែក ដែលជាថ្ងៃប្រឡងដែលបេក្ខជន ដែលមិនបានមើល មិនអាចរកឃើញឈ្មោះ ដូច្នេះនៅថ្ងៃនេះ សូមប្អូនបេក្ខជនត្រូវទៅរកឈ្មោះខ្លួនឯង និងកត់លេខតុលេខបន្ទប់ ដើម្បីជាការចំណាំ និងត្រូវរកកន្លែងអគារដែលខ្លួនត្រូវប្រឡង។

លោករដ្ឋមន្ត្រី បានស្នើប្អូនប្រជាជនទាំងអស់គ្នា សូមប្រឡងសញ្ញាបត្រនេះ ដោយគោរពតាមបទប្បញ្ញត្តិរបស់ក្រសួង ចំណែកឯលោកគ្រូអ្នកគ្រូ ដែលជាបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ដូចជា ប្រធានមណ្ឌល និងអនុគណៈកម្មការផ្សេងៗ អប្បមាទ និងជំនួយការអប្បមាទទាំងអស់ និងអនុរក្ស សូមបំពេញភារកិច្ច ទៅតាមកម្រងរៀងៗខ្លួន ដើម្បីធានាឱ្យបានថា ការប្រឡងសញ្ញាបត្រទុតិយភូមិ ដំណើរការដោយរលូន និងប្រកបដោយជោគជ័យ ដើម្បីឲ្យយើងរក្សាបាននូវសមិទ្ធផល ដែលក្រសួងអប់រំយុវជននិងកីឡា បានសម្រេចបាន ក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ ហើយជាលទ្ធផលពិនិត្យឃើញថា សិស្សបានខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ឯគ្រូក៏ខំបង្រៀន សិស្ស ឲ្យគុណភាពអប់រំរបស់យើង ក៏ត្រូវបានពង្រឹងជាលំដាប់ ហើយជាពិសេសពិនិត្យឃើញថា យើងកាន់តែមានគុណភាពខ្ពស់ឡើង ការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ជាកត្តាមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម ដើម្បីអាចឲ្យកម្ពុជាបង្កើតការងារធ្វើបន្ថែមទៀត។

លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យការប្រឡង ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ ជាពិសេសបេក្ខជនយើង ទទួលបានជោគជ័យ។

បេក្ខជនជិត ១២ម៉ឺននាក់ នឹងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុបនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ ខណៈវិធានការលើការប្រឡងនឹងបន្តអនុវត្តន៍ដោយតឹងរ៉ឹង និងម៉ឹងម៉ាត់តាមគោលការណ៍ អ្នកចេះគឺជាប់។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧០២៤នាក់ ស្រី ៦០៤២១នាក់ ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ (១៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២៣៤១នាក់ ស្រី ៣៥១៣៦នាក់ (២៩១៥បន្ទប់)។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះថា ក្រសួងបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយទាំងមន្ត្រីគ្រប់គ្រងការប្រឡង មណ្ឌល និងវិញ្ញាសារ។ ពោលអ្វីៗនឹងត្រូវប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានអ្វីប្រែប្រួលនោះឡើយ។ តែទោះជាយ៉ាងណាមានមណ្ឌលប្រឡងតែមួយប៉ុណ្ណោះនៅក្នុងខេត្តកំពត ត្រូវបានផ្លាស់ប្តូរដោយសារតែជំនន់ទឹកភ្លៀង។
លោក រស់ សុវាចា បានបញ្ជាក់ដូច្នេះថា ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ សីហា ឆ្នាំ២០១៩នេះ គឺបានរៀបចំរួចស្រេចទៅតាមការគ្រោងទុក ចំណែកឯហឹបវិញ្ញាសារទាំង៤០៤ ក៏បានដឹកទៅដល់មណ្ឌលប្រឡងរួចរាល់ផងដែរ។
លោកបន្តថា ក្នុងនោះមាន១មណ្ឌលនៅឯខេត្តកំពត ត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរ មូលហេតុដោយសារទទួលជំនន់ទឹកភ្លៀង។ ក្រៅពីនោះ គឺមិនមានផលប៉ះពាល់អ្វីនោះទេ ប៉ុន្ដែក្រោយពីការផ្លាស់ប្ដូរនេះ ចំនួនសរុបមណ្ឌលនៅតែ ២០២មណ្ឌលដដែល។
ដើម្បីធ្វើឱ្យការប្រឡងទទួលបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក ក្រសួងបានពង្រាយមន្ត្រីគ្រប់គ្រងការប្រឡងនេះ សរុប ១៧៤៣០នាក់ ក្នុងនោះ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ ដែលជាគរុនិសិ្សត ២,៤០៥នាក់ អនុរក្ស ១០៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ ១១៨១នាក់ និងគណៈកម្មការកណ្តាល ២៤០៥នាក់។
លោក រស់ សុវាចា បានឱ្យដឹងថា មន្ត្រីទទួលភារកិច្ចលើការប្រឡងនេះ បានធ្វើដំណើរទៅដល់គោលដៅរៀងៗខ្លួនហើយ ត្រៀមស្វាគមន៍បេក្ខជនប្រឡង និងបំពេញការងារតាមតួនាទី និងភារកិច្ច។
ក្នុងបេសកកម្មកំណែទម្រង់ស៊ីជម្រៅលើការប្រឡងបាក់ឌុបរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតាំងពីឆ្នាំ២០១៤មកនោះ អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយតែងតែបានចូលរួមតាមដាន និងសង្កេតទៅលើការប្រឡងនេះ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ អង្គភាពប្រឆាំងអំពើពុករលួយ មិនពង្រាយអ្នកសង្កេតការណ៍ទេ តែបញ្ជូនមន្ដ្រីរាជការចូលរួម។
បើទោះបីមិនមានវត្តមានរបស់អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយយ៉ាងណាក្តី តែក្រសួងអប់រំ បានអះអាងថា ការប្រឡងនៅតែធ្វើឡើងដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ តាមគោលការណ៍ អ្នកចេះ គឺជាប់។
លោក រស់ សុវាចា បានគូសបញ្ជាក់ថា បើសិនជាមានករណីអំពើពុករលួយ កើតឡើងនៅក្នុងគ្រប់ដំណាក់កាល នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ នឹងនៅតែបន្ដសហការជាមួយ ACU ដោយធ្វើចំណាត់ការយោងទៅតាមផ្លូវច្បាប់ជាធរមាន។ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ដអនុវត្ដយ៉ាងម៉ឺងម៉ាត់ ចំពោះបទប្បញ្ញាត្ដិទាំងឡាយ ដែលមានជាធរមាន ជាមួយការប្រតិបត្ដិរបស់បេក្ខជនប្រឡង ហើយនិងបុគ្គលិកអប់រំ ហើយលោកក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្ដកិច្ចសហការជាមួយក្រសួង រួមមាន អង្គភាពប្រឆាំងអំពើរពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាល នៅគ្រប់រាជធានីខេត្ត ក៏ដូចជាវត្ដអារាម និងអាជ្ញាធរមូលដ្ឋានផងដែរ។ ជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺពឹងផ្នែកទៅលើកិច្ចសហការ ចូលរួមពីគ្រប់ភាគគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា ការប្រឡងនៅថ្ងៃទី១៩ ខែសីហា ស្អែកនេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។
ថ្ងៃទី២០ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ៕


អត្ថបទដែលជាប់ទាក់ទង