យុវតីម្នាក់ ជិះម៉ូតូជាមួយឪពុក ទៅមើលមណ្ឌល ត្រូវរថយន្តបុកស្លាប់
អាសូរណាស់! យុវតីម្នាក់ ជិះម៉ូតូជាមួយឪពុក ទៅមើលមណ្ឌលដែលត្រូវត្រៀមប្រឡងថ្ងៃស្អែក ត្រូវរថយន្តដឹកឥដ្ឋបើកផ្តាច់ជីវិតមួយរំពេច នៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ
យុវតីម្នាក់ជិះម៉ូតូជាមួយឪពុក ដើម្បីទៅមើលមណ្ឌលប្រឡងនៅក្រុងតាខ្មៅ ខេត្តកណ្តាលតែអកុសលជួបគ្រោះថ្នាក់ចរាចរ ត្រូវរថយន្តដឹកឥដ្ឋផ្តាច់ជីវិតស្លាប់មួយរំពេច យ៉ាងគួរឲ្យសង្វេគ ចំណែកឪពុករងរបួស ទ្រហោយំបោកខ្លួនឱបសពកូនស្រី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រៅយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ច ថ្លែងថា ជនរងគ្រោះមានឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ជាសិស្សនៅវិទ្យាល័យសិរីមង្គលរកាកោង ស្នាក់នៅ ភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។ អ្នកបើកបររថយន្តឈ្មោះ អេង ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅភូមិព្រៃស្បូវ ឃុំនរាយ ស្រុកឈូក ខេត្តកំពត ។
មុនកេីតហេតុ យុវតីខាងលេីបានជិះម៉ូតូជាមួយឪពុកម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១AQ-៧០៧០ ទៅពិនិត្យឈ្មោះប្រឡងសម្រាប់ស្អែកនេះ នៅមណ្ឌលប្រឡងមួយក្នុងក្រុងតាខ្មៅ ។ ស្រាប់តែមកដល់ចំណុចកេីតហេតុ ឪពុករបស់យុវតីខាងលើ បានឈប់នៅកន្លែងភ្លើងសញ្ញាចរាចរណ៍ តែដោយសាររថយន្តដឹកឥដ្ឋពេលមកដល់កន្លែងភ្លេីងសញ្ញាចរាចរណ៍មិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង ខណៈឪពុកត្រឹមរងរបួសតែប៉ុណ្ណោះ ។
ក្រោយកេីតហេតុ សមត្ថកិច្ចបានឃាត់រថយន្តរួមទាំងអ្នកបេីកបរ និងប្រមូលវត្ថុតាងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល រង់ចាំការដោះស្រាយ ៕