គ្រោះថ្នាក់ចរាចរថ្ងៃទី១៦កក្កដា ស្លាប់៣នាក់ និងរបួស៨នាក់
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួស្រាល២នាក់ និងរបួសធ្ងន់៦នាក់។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូ ៨គ្រឿង រថយន្តតូច ៧គ្រឿង រថយន្តធំ ១គ្រឿង និងយានផ្សេងៗ ២គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់២នាក់) មិនគោរពសិទ្ធិ ២លើក ប្រជែង ១លើក(ស្លាប់១នាក់) មិនប្រកាន់ស្តាំ ១លើក កត្តាយាន ២លើក ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តតូច ៥លើក យានផ្សេងៗ ២លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបាត់ដំបង ២លើក ស្លាប់១នាក់ របួស២នាក់ កំពង់ស្ពឺ ១លើក ស្លាប់១នាក់ និងខេត្តក្រចេះ ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១៣ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ កើតឡើងចំនួន ១១៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧១នាក់ របួសសរុប ២០១នាក់ របួសធ្ងន់ ១០៥នាក់ របួសស្រាល ៨៦នាក់ ៕